នៅក្នុងសុន្ទរកថាដែលបានចេញផ្សាយ នៅថ្ងៃអង្គារ (ទី៤ ខែមីនា) នេះ វិមានក្រឹមឡាំង បានឲ្យដឹងថា ជុំបន្ទាប់នៃកិច្ចពិភាក្សារុស្ស៊ី-សហរដ្ឋអាមេរិក ស្តីពីការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ទំនងជាមិនកើតឡើងទេ នៅមុនពេលស្ថានទូតនៃប្រទេសទាំង២ ចាប់ផ្តើមប្រតិបត្តិការធម្មតាឡើងវិញ។
អំឡុងការឆ្លើយតបទៅនឹងសំណួរថា តើការចរចាអាចចាប់ផ្តើម មុនពេលស្ថានទូតរបស់ប្រទេសទាំង២ បើកឡើងវិញទាំងស្រុងដែរ ឬយ៉ាងណា លោក Dmitry Peskov អ្នកនាំពាក្យរបស់លោកប្រធានាធិបតី Vladimir Putin បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ថា៖ «ទំនងជាមិនកើតឡើងនោះទេ»។ ប្រតិបត្តិការនានា នៅស្ថានទូតនៃប្រទេសទាំង២ ត្រូវបានកាត់បន្ថយ ចាប់តាំងពីរុស្ស៊ី បានលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
កាលពីថ្ងៃចន្ទ (ទី៣ ខែមីនា) ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្អាកជំនួយយោធាដល់អ៊ុយក្រែន បន្ទាប់ពីមានការប៉ះទង្គិចរបស់លោក ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីសប្តាហ៍មុន ដោយធ្វើឲ្យមានភាពប្រេះស្រាំកាន់តែជ្រៅទៅៗ រវាងសម្ព័ន្ធមិត្តទាំង២។
មុនពេលលោក Trump ចាប់ផ្តើមអាណត្តិទី២ ជាប្រធានាធិបតីអាមេរិក ក្នុងខែមករា ទំនាក់ទំនង រវាងមហាអំណាចនុយក្លេអ៊ែរទាំង២ រុស្ស៊ី និងសហរដ្ឋអាមេរិក បានធ្លាក់ដល់កម្រិតទាបបំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក Trump ដែលបានសន្យាថា នឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័សនោះ បានកែប្រែគោលនយោបាយរបស់សហរដ្ឋអាមេរិកយ៉ាងឆាប់រហ័ស ដោយបើកកិច្ចពិភាក្សា ជាមួយទីក្រុងមូស្គូ រួមទាំងការសន្ទនាតាម ទូរសព្ទ និងការប្រជុំនានា ដែលបានធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគីវ កាន់តែមានការព្រួយបារម្ភ។
យ៉ាងណាក្ដី លោក Peskov ក៏បានប្រាប់សារព័ត៌មាន RIA ថា វាហាក់ដូចជាលឿនពេក ក្នុងការនិយាយថា ការចរចាជុំបន្ទាប់ រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក អាចនឹងកើតឡើងនោះ៕