ប្រជាជនប៉ាឡេស្ទីនជិត ៨ម៉ឺននាក់ បានធ្វើពិធីអធិស្ឋាននៅពេលល្ងាច និងសូត្រធម៌ Taraweeh នៅយប់ទី៤នៃខែដ៏វិសុទ្ធនៃខែពិធីបុណ្យរ៉ាម៉ាដាន នៅវិហារឥស្លាម Al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡឹម បើទោះបីជាមានការរឹតបន្តឹងរបស់អ៊ីស្រាអែលក៏ដោយ។
នាយកដ្ឋានកិច្ចការវិហារឥស្លាម Jerusalem Waqf និង Al-Aqsa ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រង ទីតាំងនោះ បាននិយាយថា ភាគច្រើននៃអ្នកគោរពបូជាចំនួន ៨០.000នាក់ គឺជាអ្នករស់នៅក្នុងទីក្រុង ហ្ស៊េរុយសាឡឹម និងប្រជាជនប៉ាឡេស្ទីននៃប្រទេសអ៊ីស្រាអែល ដែលរស់នៅក្នុងទឹកដីឆ្នាំ ១៩៤៨។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ មកពីទីក្រុង និងទីប្រជុំជន នៅតំបន់វេសបែង ដែលត្រូវបានរារាំងមិនឲ្យចូលទៅកាន់ទីក្រុងហ្ស៊េរុយសាឡឹម តាមរយៈប៉ុស្តិ៍ត្រួតពិនិត្យយោធារបស់ អ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែល បានណែនាំវិធានការរឹតបន្តឹងថ្មី ក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដាន។
យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន បានឲ្យដឹងថា កងអាវុធហត្ថអ៊ីស្រាអែល បានឆ្មក់ចូលបរិវេណនោះ កាលពីថ្ងៃចន្ទ ហើយបានឃាត់ខ្លួនបុគ្គលចំនួន ៣នាក់។ អ៊ីស្រាអែល ក៏បានដាក់ពង្រាយកងកម្លាំងបន្ថែម នៅក្នុងទីក្រុងចាស់ ក្នុងរដ្ឋធានីហ្ស៊េរុយសាឡឹមខាងកើត កាលពីចុងសប្តាហ៍ ដែលជាពេលចាប់ផ្តើមពិធិបុណ្យរ៉ាម៉ាដាន។