ក្រុមសេវាកម្មសង្រ្គោះបន្ទាន់អេស្ប៉ាញ និយាយថា រថយន្តក្រុង ២គ្រឿង បានបុកគ្នានៅទីក្រុង Barcelona បណ្តាលឲ្យមនុស្សយ៉ាងហោច ៣០នាក់ រងរបួស ក្នុងនោះមនុស្ស ៤នាក់ចំណោមពួកគេ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
សេវាកម្មសង្រ្គោះបន្ទាន់ រួមទាំងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងគ្រូពេទ្យ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះអ្នករងរបួស ។
រថយន្តគិលានសង្រ្គោះ បានចតនៅកន្លែងកើតហេតុ ហើយគ្រូពេទ្យព្យាយាមលើកអ្នករងរបួសដាក់លើរថយន្ត ដើម្បីបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ ។
ក្រុមមន្រ្តីនគរបាល និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងធ្វើការនៅកន្លែងកើតហេតុ ដើម្បីធានាថាគ្មានជនរងគ្រោះណាម្នាក់ ស្ថិតក្នុងស្ថានភាពរងការគំរាមកំហែងដល់អាយុជីវិតនោះឡើយ ។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរ កំពុងព្យាយាមកំណត់មូលហេតុដែលបណ្តាលឲ្យកើតមានឧបទ្ទេវហេតុរថយន្តក្រុងបុកគ្នាបែបនេះ ។
គ្រោះថ្នាក់នេះដែរ បានកើតឡើងនៅលើរុក្ខវិថី Diagonal ដែលស្ថិតក្នុងចំណោមរុក្ខវិថីដ៏មមាញឹកបំផុតរបស់ទីក្រុង Barcelona ខណៈទីក្រុងមួយនេះ រៀបចំពិព័រណ៍ Mobile World Congress ធ្វើឲ្យទាក់ទាញភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ ៕