រុស្ស៊ី នៅថ្ងៃអង្គារ (ទី៤ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ការធ្វើឲ្យប្រក្រតីភាពឡើងវិញនូវទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក នឹងតម្រូវឲ្យមានការដកទណ្ឌកម្មដែលដាក់លើទីក្រុងមូស្គូ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កំពុងឆ្លើយតបទៅនឹងការសួរ អំពីរបាយការណ៍របស់សារព័ត៌មាន Reuters ដែលបានលើកឡើងថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ី ខណៈដែលប្រធានាធិបតី លោក Donald Trump ស្វែងរកការស្តារទំនាក់ទំនង ជាមួយទីក្រុងមូស្គូ និងបញ្ឈប់សង្គ្រាម នៅអ៊ុយក្រែន។
លោក Peskov បាននិយាយថា៖ «វាប្រហែលជាលឿនពេក ក្នុងការដែលអាចនិយាយពីអ្វីៗឲ្យបានច្បាស់លាស់នោះ។ យើងមិនបានដឹងឮពីសេចក្តីថ្លែងការណ៍ផ្លូវការណាមួយនៅឡើយទេ ប៉ុន្តែក្នុងករណីណាក៏ដោយ ទស្សនៈរបស់យើង ចំពោះការដាក់ទណ្ឌកម្មទាំងនោះ ត្រូវបានគ្រប់គ្នាដឹងច្បាស់ណាស់។ ពួកយើងចាត់ទុកថា នោះជាទង្វើខុសច្បាប់»។
លោកបានសង្កត់ធ្ងន់ថា៖ «ហើយជាការពិតណាស់ ប្រសិនបើយើងនិយាយ អំពីការធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈប្រក្រតីឡើងវិញនោះ ពួកគេចាំបាច់ត្រូវដកចេញនូវបន្ទុកអវិជ្ជមាន ជាអ្វីដែលហៅថា ទណ្ឌកម្មទាំងនេះ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្រ្គាម នៅអ៊ុយក្រែន៕