
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញលើកយកគម្រោងវិនិយោគបីឆ្នាំរំកិលរបស់ខ្លួនចំនួនជាង ៥០០គម្រោង ដើម្បីដាក់ស្នើសុំដល់វិស័យនានាជួយគាំទ្រ ខណៈគម្រោងនាឆ្នាំ២០២១នេះ មិនបានសម្រេចពេញលេញ ពោល គឺបានត្រឹមជិត ៦០ភាគរយប៉ុណ្ណោះ។
ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានលើកឡើងថា នៅឆ្នាំ២០២១ ខណ្ឌទទួលបានគម្រោងគាំទ្រសរុបចំនួន១២៨គម្រោង ដោយអនុវត្តសម្រេចបានចំនួន៧៣គម្រោង ស្មើនឹង៥៩ភាគរយ ក្នុងនោះ មានផ្នែកសេដ្ឋកិច្ចចំនួន១៤គម្រោង, ផ្នែកសង្គមកិច្ចចំនួន ៣៥គម្រោង, ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន៥គម្រោង, ផ្នែករដ្ឋបាល និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចំនួន ១៩គម្រោង។
លោកអភិបាលខណ្ឌបានបន្តថា គម្រោងអាទិភាពរបស់ខណ្ឌ ដាក់ស្នើសុំគាំទ្រឆ្នាំ២០២២ មានចំនួន១១២គម្រោងក្នុងនោះគម្រោងផ្នែកសេដ្ឋកិច្ច២៩គម្រោង,ផ្នែកសង្គមកិច្ច ៤០គម្រោង, ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ២២គម្រោង និងផ្នែករដ្ឋបាល និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចំនួន២១គម្រោង ។
លោកបន្តថា សម្រាប់គម្រោងអទិភាពរបស់សង្កាត់ទាំង១១ ដាក់ស្នើសុំគាំទ្រ ឆ្នាំ២០២២ មានចំនួន៤០២គម្រោង ក្នុងនោះវិស័យអាជីវកម្មចំនួន ២៧គម្រោង, វិស័យអប់រំ២៩, វិស័យសុខភាព ៧២គម្រោង, វិស័យងាយរងគ្រោះ ៤២គម្រោង, វិស័យបរិស្ថាន ៥៤គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ចំនួន១៧៨គម្រោង ។
ជាមួយគ្នានោះលោក សុខ ពេញវុធ ក៏បានបញ្ជាក់ផងដែរថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) ធ្វើឡើងមានគោលបំណងចំនួន៣ ទី១.ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពឆ្នាំ២០២២របស់រដ្ឋបាលខណ្ឌ, ទី២.ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពឆ្នាំ២០២២ របស់រដ្ឋបាលសង្កាត់និងទី៣. ស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់ ។
បើតាមលោកអភិបាលខណ្ឌបានបញ្ជាក់បន្ថែមទៀតថាសិក្ខាសាលានេះរៀបចំឡើងស្របតាមផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់ខណ្ឌ និងសង្កាត់ ដែលនៅក្នុងនោះចាំបាច់ត្រូវមានការចូលរួមគាំទ្រ ពីសំណាក់វិស័យជាច្រើន ដើម្បីឲ្យគម្រោងដែលបានរៀបចំឡើង ឆ្លុះបញ្ចាំងពីតម្រូវការជាអទិភាព នៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឲ្យចំគោលដៅ ក៏ដូចជាការអនុវត្តទៅប្រកបដោយប្រសិទ្ធភាពជាដើម៕ អត្ថបទ៖ បាន ចក់