យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ពលរដ្ឋជប៉ុនរាប់ពាន់នាក់ ត្រូវបានជម្លៀសខ្លួន ក្រោយការរីករាលដាលភ្លើងឆេះព្រៃ ក្លាយជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បានវាយប្រហារប្រទេសមួយនេះ ។
រូបភាពវីដេអូឃ្លីបពីលើអាកាស ចាក់ផ្សាយដោយទូរទស្សន៍ក្នុងស្រុក ឃើញផ្សែងសក្បុសហុយឡើងលើអាកាស ហើយភ្លើងឆេះព្រៃ បានឆាបឆេះនៅពេលយប់ពីតំបន់ដីព្រៃនៅជិតទីក្រុងភាគឦសាន Ofunato ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមទប់ស្កាត់អណ្តាតភ្លើងពេលដែលវាឆាបឆេះលើកដំបូងកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ដោសារខ្យល់ស្ងួត ។ ចាប់តាំងពីពេលនោះមក ឧទ្ធម្ភាគចក្រយោធាជប៉ុនទ្រង់ទ្រាយធំ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ជួបគ្រោះមហន្តរាយ ដើម្បីប្រយុទ្ធជាមួយភ្លើងឆេះព្រៃ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងស្រុក បានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពទម្លាក់ទឹកដោយកងកងកម្លាំងស្វ័យការពារ មិនអាចធ្វើបានឡើយនៅពេលយប់ ។
មកទល់នឹងវេលាម៉ោង ៣ ម៉ោងសកល ថ្ងៃអង្គារនេះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យជប៉ុន និយាយថា ភ្លើងឆេះព្រៃបានរីករាលដាលលើផ្ទៃដីព្រៃជាង ២.៦០០ហិចតា ហើយមនុស្ស ៤.៥៩៦នាក់ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួន ។
យោងតាមការចុះផ្សាយរបស់កាសែត Mainichi Shimbun ដែលស្ថិតក្នុងចំណោមកាសែតធំនៅប្រទេសជប៉ុន ដោយលើកឡើងប្រភពពីទីភ្នាក់ងារព្រៃឈើ បានឲ្យដឹងថា ទំហំភ្លើងឆេះព្រៃ មានស្ថានភាពធ្ងន់ធ្ងរជាងកំណត់ត្រាលើកមុនកាលពីឆ្នាំ ១៩៩២ ៕