ប្រមុខសេវាសន្តិសុខ និងចារកម្ម Supo របស់ប្រទេសហ្វាំងឡង់ នៅថ្ងៃអង្គារ (ទី៤ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ស្ថាប័នកំពុងតាមមើលយ៉ាងដិតដល់ថា តើនៅក្រោមការគ្រប់គ្រងរបស់លោក Donald Trump ជំហររបស់ទីភ្នាក់ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ចំពោះប្រទេសរុស្ស៊ី គឺយ៉ាងណាដែរ។
នៅថ្ងៃអង្គារនេះ Supo បានចេញផ្សាយការវាយតម្លៃពីសន្តិសុខជាតិដែលទីភ្នាក់ងារបានដាក់ឈ្មោះរុស្ស៊ីថា ជាការគំរាមកំហែងដ៏ធំបំផុត ចំពោះហ្វាំងឡង់ ដែលមានព្រំដែនរួមគ្នាជាមួយរុស្ស៊ីប្រវែង ១.៣៤០គីឡូម៉ែត្រ និងដែលបានចូលរួមជាមួយសម្ព័ន្ធមិត្តយោធាលោកខាងលិច គឺអង្គការណាតូ ក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្រេចផ្អាកការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន បន្ទាប់ពីមានការប៉ះទង្គិចជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីសប្តាហ៍មុន ហើយបានប្រកាន់ជំហរស្រុះស្រួលបន្ថែមទៀត ចំពោះទីក្រុងមូស្គូ។
នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានថា តើសហរដ្ឋអាមេរិកនៅតែអាចជឿទុកចិត្តបានថា ជាសម្ព័ន្ធមិត្តស៊ើបការណ៍សម្ងាត់បានដែរ ឬយ៉ាងណានោះ ប្រមុខចារកម្មហ្វាំងឡង់ លោក Juha Martelius បាននិយាយថា ការផ្លាស់ប្តូរព័ត៌មាន នៅតែបន្តមានដូចពីមុន។
តែយ៉ាងណាក្ដី លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «ជាការពិតណាស់ នេះគឺជាការវិវត្តមួយដែលយើងកំពុងតាមមើលយ៉ាងយកចិត្តទុកដាក់។ ហើយពិតណាស់ សេវាស៊ើបការណ៍សម្ងាត់ និងសន្តិសុខផ្សេងទៀត នៅក្នុងទ្វីបអឺរ៉ុប ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏កំពុងតាមដានដូចគ្នាដែរ»។
លោក Martelius បានបន្ថែមថា ទំនាក់ទំនងរបស់លោក Trump ជាមួយរុស្ស៊ី មិនទាន់មានផលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការចារកម្មក្នុងកម្រិតជាក់ស្តែងនៅឡើយទេ៕