អ្នកស្រុក និងមន្ត្រី បានប្រាប់ឲ្យដឹងថា ការប៉ះទង្គិចគ្នាពេញមួយយប់ រវាងកងកម្លាំងសន្តិសុខប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន នៅឯច្រកព្រំដែនដ៏សំខាន់ រវាងប្រទេសទាំង២ បានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ប៉ុន្តែស្ថានការណ៍ បានស្ងប់ស្ងាត់ទៅវិញហើយ នាព្រឹកថ្ងៃអង្គារ (ទី៤ ខែមីនា) នេះ។
ជម្លោះបានចាប់ផ្តើមផ្ទុះឡើង កាលពីថ្ងៃចន្ទ (ទី៣ ខែមីនា) ដែលជាថ្ងៃធ្វើការដំបូង អំឡុងបុណ្យរ៉ាម៉ាដាន ជាពេលដែលការនាំចូលអាហារពីប៉ាគីស្ថានជាធម្មតាឡើងដល់កម្រិតខ្ពស់បំផុត នៅអាហ្វហ្គានីស្ថាន។
មន្ត្រីម្នាក់បាននិយាយថា អ្នកស្រុកប្រហែល ១.៥០០០នាក់ បានភៀសខ្លួនទៅកាន់តំបន់ Landi Kotal របស់ប៉ាគីស្ថាន ដោយសារតែការប៉ះទង្គិចគ្នានេះ។ ឆ្មាំព្រំដែនអាហ្វហ្គានីស្ថាន បានបើកការបាញ់ប្រហារដោយមិនមានការព្រមាន ដោយសំដៅទៅលើអគាររដ្ឋាភិបាល និងជនស៊ីវិល ហើយបានបង្កឲ្យមានការភ័យស្លន់ស្លោយ៉ាងខ្លាំងក្លា។
លោក Shinwari ដែលរស់នៅទីក្រុងព្រំដែន បានប្រាប់សារព័ត៌មាន Reuters ថា៖ «ភាពតានតឹង រវាងប្រទេសទាំង២ និងការបិទព្រំដែនជាបន្តបន្ទាប់ បាន និងកំពុងបង្កបញ្ហាជាច្រើនដល់ប្រជាជន នៅតាមតំបន់ព្រំដែន។ ប្រជាជនក្រីក្រខ្លាំងណាស់ ហើយពឹងផ្អែកលើអាជីវកម្ម ទាក់ទងនឹងព្រំដែននេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមីនា ក្រោយមានជម្លោះនេះ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានដែលគ្រប់គ្រងដោយក្រុមតាលីបង់ បានឲ្យដឹងថា យុទ្ធជនតាលីបង់ម្នាក់ បានបាត់បង់ជីវិត និង ២នាក់ បានរងរបួស ខណៈដែលមន្ត្រីសន្តិសុខប៉ាគីស្ថាន បានរាយការណ៍ថា សមាជិកនៃកងកម្លាំងរបស់ពួកគេ ក៏បានរងរបួសផងដែរ៕