វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី៤ ខែមីនា) នេះ បានលើកឡើងថា ការផ្អាកផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន នឹងជាការរួមចំណែកដ៏ល្អបំផុត ក្នុងបុព្វហេតុសន្តិភាព ប៉ុន្តែបានព្រមានថា ប្រទេសរុស្ស៊ីចាំបាច់ត្រូវបញ្ជាក់លម្អិត អំពីវិធានការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។
គួរបញ្ជាក់ថា មន្ត្រីសេតវិមាន បានប្រាប់ឲ្យដឹងថា លោក Trump បានផ្អាកផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន បន្ទាប់ពីមានការប៉ះទង្គិចជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីសប្តាហ៍មុន ដែលជាការធ្វើឲ្យមានការប្រេះស្រាំកាន់តែធ្ងន់ធ្ងរឡើងៗ រវាងអតីតសម្ព័ន្ធមិត្ត។
លោក Trump ដែលបានជជែកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី១២ ខែកុម្ភៈ និងដែលនិយាយថា លោកចង់ឲ្យគេចងចាំក្នុងនាមជា «អ្នកបង្កើតសន្តិភាព» នោះ បានកែប្រែគោលនយោបាយរបស់សហរដ្ឋអាមេរិក ស្តីពីសង្រ្គាមនៅអ៊ុយក្រែន ដែលលោកពណ៌នាថា ជាហានិភ័យនៃការបញ្ឆេះឲ្យមានសង្រ្គាមលោកលើកទី៣។ លោក Trump ក៏បានបញ្ជាក់ផងដែរថា ទីក្រុងគីវ មិនមានសន្លឹកបៀ សម្រាប់លេងនោះទេ។
យ៉ាងណាក្ដី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov មានការប្រុងប្រយ័ត្ន ចំពោះសេចក្ដីរាយការណ៍ពីការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកនេះ ហើយបាននិយាយថា ព័ត៌មានលម្អិតចាំបាច់ត្រូវតែបានឃើញសិន។
លោក Peskov បាននិយាយថា៖ «ប្រសិនបើនេះជាការពិត នោះគឺជាការសម្រេចដែលពិតជាអាចជួយជំរុញឲ្យរបបទីក្រុងគីវ (មក) ចាប់ផ្ដើមដំណើរការសន្តិភាព។ វាគឺច្បាស់ណាស់ថា សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃសង្រ្គាមនេះ រហូតមកដល់ពេលនេះ។ ប្រសិនបើសហរដ្ឋអាមេរិកឈប់ធ្វើជា (អ្នកផ្គត់ផ្គង់សព្វាវុធ) ឬផ្អាកការផ្គត់ផ្គង់ទាំងនេះ វាប្រហែលជាការរួមចំណែកដ៏ល្អបំផុត ចំពោះបុព្វហេតុសន្តិភាព»៕