លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារ ៤ មីនាសប្ដាហ៍នេះថា លោកចង់ "ធ្វើរឿងត្រឹមត្រូវ" ជាមួយលោក Donald Trump និងធ្វើការក្រោម "ការដឹកនាំដ៏រឹងមាំ" របស់ប្រធានាធិបតីអាមេរិក ដើម្បីទទួលបានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។

នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីលោក Trump បង្កកជំនួយយោធាទាំងអស់របស់សហរដ្ឋអាមេរិកឲ្យទៅអ៊ុយក្រែន លោក Zelenskyy បាននិយាយថា ជម្លោះសាធារណៈរបស់លោកជាមួយលោក Trump កាលពីសប្តាហ៍មុនគឺ "គួរឱ្យសោកស្តាយ" ហើយបានសន្យាថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែសំខាន់ៗជាមួយទីក្រុងវ៉ាស៊ីនតោន។

លោកក៏បានអំពាវនាវឱ្យមាន "បទឈប់បាញ់" ទាំងនៅក្នុងសមុទ្រ និងលើអាកាសជាជំហាន ដំបូងដើម្បីបញ្ចប់សង្រ្គាមបីឆ្នាំមកនេះ។
ការដួលរលំយ៉ាងខ្លាំងនៅក្នុងសម្ព័ន្ធភាពសង្រ្គាមរវាងទីក្រុង Kyivនិងទីក្រុង Washington មានភាពធ្ងន់ធ្ងរចាប់តាំងពីការប៉ះទង្គិចគ្នារវាងលោកZelenskyy និងលោក Trump នៅការិយាល័យប្រធានាធិបតីកាលពីថ្ងៃសុក្រ២៨កុម្ភៈសប្តាហ៍មុន រហូតឈានដល់សម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ុយក្រែនមួយនេះ ផ្អាកជំនួយផ្នែកយោធាដ៏សំខាន់។

លោក Zelenskyy បានសរសេរនៅលើបណ្ដាញសង្គម X ថា "ក្រុមការងាររបស់លោក និងរូបលោកត្រៀមខ្លួនរួចជាស្រេចធ្វើការក្រោមការដឹកនាំដ៏រឹងមាំរបស់ប្រធានាធិបតីលោក Trump ដើម្បីទទួលបានសន្តិភាពយូរអង្វែង"។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃចន្ទ ៣ មីនាសប្ដាហ៍នេះ ថា លោកនឹង «ពុំមានការអត់ធ្មត់» យូរទៀតទេចំពោះជំហររបស់លោក Volodymyr Zelenskyy លើសង្គ្រាមជាមួយរុស្ស៊ី បើមិនព្រមធ្វើកិច្ចព្រមព្រៀងសន្តិភាព ខណៈមេដឹកនាំអ៊ុយក្រែនថាលោកចង់បញ្ចប់ "ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"៕