ប្រភពចំនួន៤ បានលើកឡើងកាលពីថ្ងៃអង្គារ (០៤ មីនា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump និងអ៊ុយក្រែន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ដែលត្រូវបានផ្អាកបន្ទាប់ពីកិច្ចប្រជុំនៅការិយាល័យប្រធានាធិបតី Oval Office ដ៏តានតឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលក្នុងនោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ត្រូវបានបណ្តេញចេញពីអគារ។

ប្រភពនិយាយថា លោក Trump បានប្រាប់ទីប្រឹក្សារបស់លោកថា លោកចង់ប្រកាសកិច្ចព្រមព្រៀងរ៉ែនេះនៅក្នុងសុន្ទរកថារបស់ខ្លួនទៅកាន់សភានៅល្ងាចថ្ងៃអង្គារ ប៉ុន្តែក៏ព្រមានថា កិច្ចព្រមព្រៀងមិនទាន់ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅឡើយទេ ហើយស្ថានការណ៍អាចផ្លាស់ប្តូរ។

ទោះយ៉ាងណាក៏ដោយ នៅពេលត្រូវបានសាកសួរកាលពីថ្ងៃអង្គារអំពីកិច្ចព្រមព្រៀងរ៉ែ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានប្រាប់ Fox News ថា "ពុំមានការចុះហត្ថលេខាត្រូវបានគ្រោងទុកទេ" នេះបើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គម X របស់អ្នកយកព័ត៌មានរបស់ Fox News។

ប្រភពបន្ថែមថា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមមន្ត្រីអាមេរិក បាននិយាយទៅកាន់មន្ត្រីនៅទីក្រុងគីវ អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ទោះបីជាមានការប៉ះទង្គិចពាក្យសម្ដីដ៏តានតឹងរវាងមេដឹកនាំទាំងពីរក៏ដោយ ហើយថែមទាំងបានជំរុញឱ្យទីប្រឹក្សារបស់លោក Zelenskiy បញ្ចុះបញ្ចូលប្រធានាធិបតីអ៊ុយក្រែនរូបនេះ ឱ្យសូមអភ័យទោសដោយបើកចំហដល់លោក Trump ទៀតផង៕