មានការរំពឹងថាមេដឹកនាំរបស់ប្រទេសចិន នឹងបង្ហាញផែនការជំរុញសេដ្ឋកិច្ចដ៏ធំមួយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំដ៏សំខាន់ ដើម្បីស្តារសេដ្ឋកិច្ចដែលយឺតយ៉ាវរបស់ប្រទេសនេះ ស្របពេលឥឡូវនេះ កំពុងប្រឈមសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

គណៈប្រតិភូរាប់ពាន់នាក់កំពុងចូលរួមសមាជប្រជាជនជាតិ (NPC) ជាសភាប្រថាប់ត្រា ដែលនឹងប្រកាសការសម្រេចចិត្ត ត្រូវបានធ្វើឡើងរួចជាស្រេចដោយបិទទ្វារ។

ប៉ុន្តែការប្រមូលផ្តុំរយៈពេលមួយសប្តាហ៍ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយក្រុមអ្នកសង្កេតការណ៍សម្រាប់តម្រុយអំពីការផ្លាស់ប្តូរគោលនយោបាយរបស់ទីក្រុងប៉េកាំង ហើយនៅឆ្នាំនេះគឺមានសារៈសំខាន់ខ្លាំងជាងឆ្នាំមុន។
លោកប្រធានាធិបតី Xi Jinping បាននិងកំពុងតតាំងការប្រើប្រាស់កម្រិតទាបដ៏ជាប់លាប់ វិបត្តិអចលនទ្រព្យ និងភាពអត់ការងារធ្វើ មុនពេលការដំឡើងពន្ធ១០%ជាថ្មីទៀតរបស់លោក Donald Trump លើការនាំចូលផលិតផលរបស់ចិនចូលជាធរមានកាលពីថ្ងៃអង្គារ៤មីនាសប្ដាហ៍នេះ។

ការដំឡើងពន្ធថ្មីទៀតនេះធ្វើឡើងក្រោយការដំឡើងពន្ធ១០% ដែលបានដាក់កាលពីដើមខែកុម្ភៈ ដោយពន្ធសរុបរបស់សហរដ្ឋអាមេរិកឡើងដល់២០% ។ ហើយប៉ះពាល់ដល់អ្វីដែលជាចំណុចភ្លឺដ៏កម្រសម្រាប់សេដ្ឋកិច្ចចិន គឺការនាំចេញ។
ទីក្រុងប៉េកាំងបានវាយបកវិញភ្លាមៗកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដូចកាលពីខែមុនដែរ។ចិនបានប្រកាសចំណាត់ការសងសឹកដែលរួមបញ្ចូលការដំឡើងពន្ធពី១០% ទៅ១៥% លើការនាំចូលកសិកម្មមួយចំនួនពីសហរដ្ឋអាមេរិក។ នេះជាគន្លឹះដោយសារតែប្រទេសចិនជាទីផ្សារធំបំផុតសម្រាប់ទំនិញទាំងនេះដូចជាពោត ស្រូវសាលី និងសណ្ដែក របស់អាមេរិក៕