ភ្នំពេញ៖ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ទីផ្សារការងាសម្រាប់ជនគ្រប់រូប ដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាពក្នុងការស្វែងរកការងារធ្វើដោយផ្តោតជាពិសេសលើយុវជន និងស្ត្រី។ រាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលស៊ុយ អ៊ែត រួមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅកម្ពុជា និងអង្គការសហប្រជាជាតិ នឹងរួមសហការគ្នាបង្កើតគម្រោងមួយ ឈ្មោះថា ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជា ការគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព។
នៅក្រោយចប់ជំនួបការងារ រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Magnus Saemundsson លេខាទី១ នៃស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង ឯកឧត្តម ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័តមាន ប៊ីធីវីថា គម្រោងខាងលើនេះមានរយៈពេល ២ឆ្នាំ ៣ខែ ដោយចាប់ពីដើមខែកញ្ញា ឆ្នាំ២០២១ ដល់បំណាច់ឆ្នាំ២០២៣។
ឯកឧត្តមបន្តថា គម្រោងនេះ នឹងរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ភាពងាយស្រួល និងពង្រីកនូវវិសាលភាពទៅដល់ប្រជាពលរដ្ឋក្នុងការស្វែងរកឱកាសការងារ និងផ្តល់កម្លាំងពលកម្មដើម្បីបំពេញនូវតម្រូវការដល់ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងត្រូវការជាចាំបាច់បម្រើឲ្យខ្សែច្រវ៉ាក់ផលិតកម្មខ្លួន ខណៈដែលកម្ពុជាក៏មានច្បាប់ការពារជនពិការដែរ ក្នុងការជ្រើសរើសជនពិការក្នុងការចូលបម្រើកិច្ចការងារនៅក្នុងសង្គម។
តាមរយៈជំនួបថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានជម្រាបជូនភ្ញៀវថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) អាចចាត់ទុកថាជាសេវាថ្មីតែទទួលបានជោគជ័យ ក្នុងនោះដែរក៏មានការផ្តល់ការឧបត្ថម្ភគាំទ្រជាដរាបរៀងមក ពីរដ្ឋាភិបាលស៊ុយអ៊ែត ផ្តល់បទពិសោធន៍ និងចំណេះដឹងជាច្រើនមកដល់មន្ត្រីរបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ ដោយឲ្យមានដំណើរទស្សនកិច្ច ទៅសិក្សាស្វែងយល់បន្ថែមពីមជ្ឈមណ្ឌលការងារ ទៅកាន់ប្រទេសស៊ុយអ៊ែត។ ព្រមជាមួយគ្នានោះ កម្ពុជាក៏ទទួលបានជំនួយហិរញ្ញវត្ថុរៀបចំមជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត និងមជ្ឈមណ្ឌលការងារចល័តផងដែរ។
សូមជម្រាបជូនថា ឆ្លើយតបតាមសំណើររបស់ឯកឧត្តមរដ្ឋមន្ត្រី ភាគីស៊ុយអ៊ែត នឹងបន្តខិតខំជួយគាំទ្រថែមទៀតដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចបង្កើតមជ្ឈមណ្ឌលការងារថែមទៀតឱ្យបានគ្រប់រាជធានី ខេត្ត ពោលគឺយ៉ាងតិចមានមជ្ឈមណ្ឌលការងារមួយក្នុងមួយរាជធានី ខេត្ត ដែលបច្ចុបន្ននេះ កម្ពុជាមានមជ្ឈមណ្ឌលការងារចំនួន១៣ និងមជ្ឈមណ្ឌលការងារចល័តចំនួន៣៕ អត្ថបទ៖ ឈិត បូរ៉ាវី