អ៊ីស្រាអែល បានរិះគន់ផែនការដែលដាក់ចេញដោយបណ្ដារដ្ឋអារ៉ាប់ សម្រាប់ការកសាងតំបន់ហ្កាហ្សាឡើងវិញ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសបានស្វាគមន៍។

ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំកំពូលក្រុមមេដឹកនាំអារ៉ាប់នៅទីក្រុងគែរ(Cairo)ប្រទេសអេហ្ស៊ីប ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា ផែនការកសាងឡើងវិញ "បានបរាជ័យក្នុងការដោះស្រាយ" ពីការពិតនៃស្ថានភាព បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលាលើអ៊ីស្រាអែល។

ក្រសួងការបរទេសបាននិយាយថា "ការវាយប្រហារភេរវករដ៏ឃោរឃៅរបស់ក្រុមហាម៉ាស ដែលបណ្តាលឱ្យមានការស្លាប់ជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់ និងការចាប់ជំរិតរាប់រយនាក់នោះ មិនត្រូវបានលើកមកនិយាយទេ ហើយក៏ពុំមានការថ្កោលទោសចំពោះអង្គភាពភេរវករដ៏សាហាវនេះដែរ។

ទោះយ៉ាងណាក៏ដោយ ក្រុមហាម៉ាស បានអំពាវនាវឱ្យផ្តល់មធ្យោបាយដើម្បីធានានូវភាពជោគជ័យនៃផែនការ និងបានចាត់ទុកកិច្ចប្រជុំកំពូលថាជា "ជំហានឆ្ពោះទៅមុខ" សម្រាប់ការគាំទ្ររបស់អារ៉ាប់ និងអ៊ីស្លាម នៅពីក្រោយបុព្វហេតុប៉ាឡេស្ទីន។
ក្រុមអ៊ីស្លាមជ្រុលនិយមប៉ាឡេស្ទីនបានជំរុញឱ្យក្រុមមេដឹកនាំអារ៉ាប់បង្ខំអ៊ីស្រាអែលឱ្យធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់របស់ខ្លួនជាមួយក្រុមហាម៉ាស។
ក្រុមហាម៉ាសបានបន្ថែមថា ពួកគេឱ្យតម្លៃចំពោះជំហររបស់អារ៉ាប់ ដែលបដិសេធការប៉ុនប៉ងដើម្បីផ្លាស់ទីលំនៅប្រជាជនរបស់របស់ពួកគេតាមផែនការរបស់លោកប្រធានាធិបតី Donald Trump ។
ក្រុមអ្នកតំណាងមកពីរដ្ឋអារ៉ាប់បានជួបប្រជុំគ្នានៅទីក្រុងគែរកាលពីថ្ងៃអង្គារ ហើយបានអនុម័តផែនការរបស់ប្រទេសអេហ្ស៊ីបសម្រាប់ការកសាងឡើងវិញលើតំបន់ហ្កាហ្សាដែលនឹងចំណាយប្រាក់ ៥៣ពាន់លានដុល្លារ និងជៀសវាងការតាំងទីលំនៅថ្មីរបស់ពលរដ្ឋប៉ាឡេស្ទីន៕