ប្រទេសចិន នឹងបន្តបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនចំនួន ៧,២% នៅឆ្នាំ២០២៥នេះ ដោយរក្សាបាននូវអត្រាកំណើនដ៏មានស្ថិរភាព ទោះបីទីក្រុងប៉េកាំង ជួបនឹងកិច្ចការស្មុគស្មាញជាច្រើនក៏ដោយ រាប់ចាប់ពីការពង្រីកសេដ្ឋកិច្ច ទៅដល់ការប្រឈមមុខនឹងភូមិសាស្ត្រនយោបាយដ៏តានតឹង លើបញ្ហាកោះតៃវ៉ាន់ រហូតដល់រឿងអ៊ុយក្រែន។

ការបង្កើនចំណាយ ដែលត្រូវបានប្រកាសនៅថ្ងៃពុធ (០៥ មីនា) នេះនៅក្នុងរបាយការណ៍របស់រដ្ឋាភិបាលដែលនឹងត្រូវចេញនៅក្នុងសភា គឺដូចគ្នានឹងការប្រកាសកាលពីឆ្នាំមុន ដោយថវិកាសរុបបានកើនឡើងច្រើនជាងទ្វេដងចាប់តាំងពីឆ្នាំ២០១៣ មក ភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតី Xi Jinping ឡើងកាន់អំណាច។

ចិន នៅតែជាប្រទេសដែលចំណាយផ្នែកយោធាធំជាងគេទីពីររបស់ពិភពលោក នៅពីក្រោយសហរដ្ឋអាមេរិក ដែលថវិកាយោធាបានស្នើឡើងសម្រាប់ឆ្នាំ២០២៥នេះ មានចំនួន ៨៥០ពាន់លានដុល្លារ។

អត្រាកំណើននេះនៅតែកើនយ៉ាងល្អលើសពីគោលដៅកំណើនសេដ្ឋកិច្ចរបស់ចិន សម្រាប់ឆ្នាំនេះប្រហែល ៥% ដែលក្រុមអ្នកវិភាគនិយាយថា ត្រូវបានរំពឹងទុក និងឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ទីក្រុងប៉េកាំង សម្រាប់ការបន្តទំនើបកម្មយោធា ស្របពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងខ្លាំង៕