នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានលើកឡើងនៅថ្ងៃពុធ (០៥ មីនា) នេះថា ប្រទេសចិន នឹងបន្ត "ជំរុញយ៉ាងមុតមាំ" នូវ "ការបង្រួបបង្រួមឡើងវិញ" ជាមួយកោះតៃវ៉ាន់ ខណៈព្រមានប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ហើយព្យាយាមធ្វើការជាមួយពលរដ្ឋចិននៅតំបន់តៃវ៉ាន់ជាទៀងទាត់ ដើម្បីសម្រេចបាននូវការស្តារឡើងវិញនៃប្រជាជាតិចិន។

ប្រទេសចិន បានអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់ពីរដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិក៏ដោយ និងបានបង្កើនសម្ពាធយោធារបស់ខ្លួនលើតំបន់នេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការរៀបចំហ្គេមសង្រ្គាមសំខាន់ៗ (សមយុទ្ធទ្រង់ទ្រាយធំ) ជាច្រើនជុំផងដែរ។

លោក Li បានសរសេរនៅក្នុងរបាយការណ៍ការងារប្រចាំឆ្នាំរបស់លោកទៅកាន់សភាចិនថា "យើងនឹងជំរុញយ៉ាងមុតមាំនូវបុព្វហេតុនៃការបង្រួបបង្រួមរបស់ប្រទេសចិនឡើងវិញ និងធ្វើការជាមួយជនជាតិចិននៅកោះតៃវ៉ាន់ ដើម្បីទទួលដឹងពីបុព្វហេតុដ៏រុងរឿងនៃការស្តារប្រជាជាតិចិនឡើងវិញ"។

រដ្ឋាភិបាលទីក្រុងប៉េកាំង បានជំរុញឱ្យមានការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ឡើងវិញ ហើយបញ្ជាក់ជាថ្មីម្តងទៀតថា ខ្លួន "ប្រឆាំងដាច់ខាត" ទៅនឹងសកម្មភាពផ្តាច់ខ្លួនដែលជំរុញឱ្យមានឯករាជ្យភាពតៃវ៉ាន់។ ប៉ុន្តែការអំពាវនាវយ៉ាងច្បាស់លាស់របស់ខ្លួនឱ្យធ្វើការជាមួយ "មិត្តភក្ដិចិននៅតំបន់តៃវ៉ាន់" ដើម្បីជួយធ្វើឱ្យប្រជាជាតិចិនមានភាពរស់រវើកឡើងវិញ មិនធ្លាប់ត្រូវបានលើកឡើងទេនៅក្នុងរបាយការណ៍ការងារកាលពីឆ្នាំមុន៕