ការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos បានរកឃើញកាលពីថ្ងៃអង្គារ (០៤ មីនា) ថា ពលរដ្ឋអាមេរិក មិនពេញចិត្តនឹងជំហានដោះស្រាយផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបច្ចុប្បន្ននោះទេ ដោយមានតែជនជាតិអាមេរិកម្នាក់ប៉ុណ្ណោះក្នុងចំណោម ៣នាក់ បានគាំទ្ររដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump លើបញ្ហាតម្លៃចំណាយប្រចាំថ្ងៃខ្ពស់នៅសហរដ្ឋអាមេរិក ដែលជាសញ្ញានៃភាពមិនសុខស្រួលនៅពេលលោកដំឡើងពន្ធដ៏ច្រើនលើការនាំចូល ដែលបង្កក្ដីបារម្ភកាន់តែអាក្រក់ពីអតិផរណា។

ការស្ទង់មតិរយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងមុនពេលប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះចូលរួមសម័យប្រជុំរួមនៃសភា បានបង្ហាញពីអត្រាគាំទ្ររបស់លោក Trump ធ្លាក់ក្រោម ៤០% លើបញ្ហាជាច្រើន រួមទាំងសេដ្ឋកិច្ច គោលនយោបាយការបរទេស និងអំពើពុករលួយ ជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់គឺអត្រាគាំទ្រ ៤៩% របស់លោក លើគោលនយោបាយអន្តោប្រវេសន៍។

ការស្ទង់មតិបានបង្ហាញថា តួលេខ ៣១% ប៉ុណ្ណោះនៃជនជាតិអាមេរិក បានគាំទ្រជំហានរបស់លោក Trump លើថ្លៃចំណាយប្រចាំថ្ងៃ ដែលធ្លាក់ចុះ ៣% ពីតួលេខ ៣៤% នៅក្នុងការស្ទង់មតិកាលពីមុន ខណៈមនុស្សរហូតដល់ ៥៤% មិនគាំទ្រទេលោក Trump លើបញ្ហានេះ។

លោក Trump បានទម្លាក់ទំនាក់ទំនងរបស់អាមេរិកជាមួយពិភពលោក ដោយការចាប់ផ្ដើមសង្រ្គាមពាណិជ្ជកម្ម ជាមួយនឹងពន្ធបន្ថែម ២៥% ចូលជាធរមាននៅថ្ងៃអង្គារ សម្រាប់ការនាំចូលម៉ិកស៊ិក និងកាណាដា ក៏ដូចជាពន្ធ ២០% លើទំនិញចិន។ សេដ្ឋវិទូព្រមានថា ពន្ធនេះនឹងបំផ្លាញអាមេរិកខ្លួនឯងផ្ទាល់ ហើយនឹងជំរុញអតិផរណាឱ្យឡើងខ្ពស់មហិមា៕