គណៈកម្មការអឺរ៉ុប បានស្នើឡើងកាលពីថ្ងៃអង្គារ (០៤ មីនា) នូវការខ្ចីប្រាក់រហូតដល់ ១៥០ពាន់លានអឺរ៉ូ (១៥៧,៧៦ ពាន់លានដុល្លារអាមេរិក) ដើម្បីផ្តល់កម្ចីដល់រដ្ឋាភិបាលនានារបស់សហភាពអឺរ៉ុប ក្រោមផែនការបង្កើនសព្វាវុធ ឬបន្ថែមសព្វាវុធជាថ្មី ដែលជំរុញដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងដោយសារក្ដីបារម្ភថា អឺរ៉ុបមិនអាចពឹងផ្អែកលើការការពាររបស់សហរដ្ឋអាមេរិកបានទៀតទេ ខណៈជំហររបស់ទីក្រុងវ៉ាស៊ីនតោន ហាក់ងាករេចេញពីសម្ព័ន្ធមិត្តរបស់ខ្លួន។

ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្អាកជំនួយយោធាដល់អ៊ុយក្រែន ដោយបង្ហាញពីការខ្វែងគំនិតគ្នាកាន់តែជ្រៅឡើងរវាងបណ្ដាមេដឹកនាំអឺរ៉ុប និងទីក្រុងវ៉ាស៊ីនតោន ជុំវិញសន្តិសុខរបស់ទ្វីប និងវិធីសាស្រ្តទប់ទល់ជាមួយរុស្ស៊ី។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen លើកឡើងថា "អឺរ៉ុបកំពុងរស់នៅក្នុងគ្រាដ៏សំខាន់ និងគ្រោះថ្នាក់បំផុត ក្នុងយុគសម័យនៃការបំពាក់អាវុធឡើងវិញ ហើយអឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការបង្កើនចំណាយលើវិស័យការពារជាតិយ៉ាងច្រើន"។ លោកស្រី Von der Leyen បានដាក់មូលនិធិចំនួន ១៥០ពាន់លានអឺរ៉ូសម្រាប់អាទិភាពដូចជា ការការពារដែនអាកាស មីស៊ីល និងយានដ្រូន ជាផ្នែកមួយនៃកញ្ចប់សំណើ ដែលលោកស្រីនិយាយថាអាចប្រមូលបានរហូតដល់ទៅ ៨០០ពាន់លានអឺរ៉ូ សម្រាប់ការពារអឺរ៉ុប។

ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នឹងធ្វើការពិភាក្សាដំបូងលើសំណើនេះនៅក្នុងកិច្ចប្រជុំកំពូលពិសេសមួយដែលផ្តោតលើវិស័យការពារជាតិ និងអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ ០៦ មីនា ស្អែកនេះ ខណៈផែនការមួយចំនួននឹងត្រូវការការយល់ព្រមពីរដ្ឋាភិបាលនានារបស់ប្លុកអឺរ៉ុប៕