ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារសប្ដាហ៍នេះម៉ោងនៅអាមេរិក បានថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមនៃសភា ដែលជាសារដំបូងរបស់លោកទៅកាន់សភាទាំងពីរ ចាប់តាំងពីចូលកាន់តំណែងជាលើកទីពីរ។ នៅក្នុងសុន្ទរកថារបស់លោក លោក Trump បាននិយាយថា អាមេរិកកំពុងធ្វើការដោយមិននឿយហត់ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន ។

លោក Trump បាននិយាយថា រូបលោកក៏កំពុងធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីបញ្ចប់ជម្លោះដ៏សាហាវនៅអ៊ុយក្រែន។ ប្រជាជនអ៊ុយក្រែន និងរុស្ស៊ីរាប់លាននាក់ត្រូវបានសម្លាប់ ឬរងរបួសដោយមិនចាំបាច់នៅក្នុងជម្លោះដ៏រន្ធត់ និងឃោរឃៅនេះ ដោយគ្មានទីបញ្ចប់។

លោកប្រធានាធិបតីក៏បានរិះគន់ចំពោះអឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ផងដែរ ដោយនិយាយថា ពួកគេចំណាយលើប្រេង និងឧស្ម័នរបស់រុស្ស៊ីច្រើនជាងលើការការពារអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិកកំពុងទទួលបន្ទុក។

លោកបាននិយាយថាទន្ទឹមនឹងនោះ អឺរ៉ុបបានចំណាយប្រាក់ដ៏គួរឱ្យស្ដាយក្នុងការទិញប្រេង និងឧស្ម័នរបស់រុស្ស៊ី ជាជាងពួកគេបានចំណាយលើការការពារអ៊ុយក្រែនមកទល់ពេលនេះ។ ហើយលោក Biden បានផ្ដល់ប្រាក់កាន់តែច្រើនចូលទៅក្នុងសមរភូមិប្រយុទ្ធ លើសអឺរ៉ុបដែលបានចំណាយ ។
លោក Trump ក៏បានលើកសរសើរគោលនយោបាយរបស់លោកផងដែរក្នុងការដោះស្រាយការកើនឡើងអតិផរណានៅអាមេរិក ហើយបាននិយាយថាលោកកំពុង "តតាំងរៀងរាល់ថ្ងៃ" ដើម្បីបញ្ចុះតម្លៃសម្រាប់អ្នកប្រើប្រាស់ ទោះសង្រ្គាមពាណិជ្ជកម្មចាប់ផ្តើមកើតឡើងក៏ដោយ។ លោកបានសន្យាថានឹងដំឡើងពន្ធលើប្រទេសផ្សេងទៀតឲ្យបានច្រើន ដូចដែលពួកគេយកពន្ធពីអាមេរិក៕