ប្រធានាធិបតី លោក Donald Trump បានលើកសរសើរពីផែនការជាក់លាក់ដើម្បីកំណត់ទិសដៅថ្មីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបញ្ចប់សង្គ្រាមអ៊ុយក្រែន ខណៈលោកថ្លែងទៅកាន់សភាជាលើកដំបូង ចាប់តាំងពីការវិលត្រលប់ទៅកាន់តំណែងវិញ កាលពី៦សប្តាហ៍កន្លងទៅនេះ។

ប្រធានបទរបស់លោក Trump នឹងក្លាយជា «ការបន្តថ្មីនៃក្តីស្រមៃរបស់អាមេរិក» ប៉ុន្តែវាបានធ្វើឲ្យមានការខ្វែងគំនិតគ្នា ដោយការចាប់ផ្តើមអាណត្តិទី២របស់លោក បង្កឱ្យមានភាពវឹកវរយ៉ាងច្រើនទាំងក្នុងនិងក្រៅប្រទេស។
មហាសេដ្ឋីក្រុមហ៊ុន Space X និង Tesla លោក Musk ស្ថិតនៅវិមាន Capitol របស់សហរដ្ឋអាមេរិក ដើម្បីតាមដានសុន្ទរកថា របស់លោក Trump។ លោក Trump នឹងកំណត់ចក្ខុវិស័យរបស់លោក លើសេដ្ឋកិច្ចផងដែរ ទោះបីសង្រ្គាមពាណិជ្ជកម្មដែលលោកបានចាប់ផ្តើមប្រឆាំងប្រទេសកាណាដា ចិន និងម៉ិកស៊ិក ធ្វើឱ្យទីផ្សារពិភពលោកច្របូកច្របល់ ក៏ដោយ។

ទោះបីជាមានជម្លោះដ៏ជួចត់នៅក្នុងការិយាល័យ Oval Office ជាមួយមេដឹកនាំអ៊ុយក្រែនកាលពីប៉ុន្មានថ្ងៃមុននេះ និងបានងាកការចាប់អារម្មណ៏ទៅលើទីក្រុងមូស្គូដែលបានធ្វើឱ្យសម្ព័ន្ធមិត្តស្រឡាំងកាំង ក៏ដោយ ក៏លោក Trump នឹងដាក់ចេញនូវផែនការរបស់លោកដើម្បីបញ្ចប់ជម្លោះរយៈពេល៣ឆ្នាំដ៏ស្វិតស្វាញ។ លោកនឹងជំរុញទៅក្នុងគោលនយោបាយការបរទេស ដោយនិយាយអំពីបំណងរបស់លោកក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។