ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងនៅថ្ងៃអង្គារ (០៤ មីនា) នៅក្នុងសុន្ទរកថាសភាថា លោកបានទទួលលិខិតពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលមេដឹកនាំអ៊ុយក្រែនរូបនេះបង្ហាញពីឆន្ទៈក្នុងការចូលទៅតុចរចាអំពីសង្គ្រាមរុស្ស៊ី - អ៊ុយក្រែន ដើម្បីស្វែងរកសន្តិភាព ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ជាមួយអាមេរិក។

ថ្លែងទៅកាន់សភាអាមេរិក ខណៈដែលដកស្រង់សម្ដីចេញពីលិខិតនោះ លោក Trump បាននិយាយថា "លោកបានទទួលលិខិតដ៏សំខាន់មួយពីប្រធានាធិបតី Zelenskiy របស់អ៊ុយក្រែន ហើយលិខិតនោះសរសេរថា អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចក្នុងការចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងកាន់តែជិតស្និទ្ធ ព្រោះពុំមានអ្នកណាចង់បានសន្តិភាព ជាងអ៊ុយក្រែនទៀតនោះទេ"។

គួរឱ្យដឹងថា កិច្ចពិភាក្សារបស់លោក Zelenskiy ជាមួយលោក Trump នៅសេតវិមានកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបញ្ចប់នៅក្នុងការទាស់សម្ដីគ្នាយ៉ាងជូរចត់ ដែលក្នុងនោះគម្រោងកិច្ចព្រមព្រៀងរ៉ែត្រូវបានផ្អាក ហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Trump ក៏បានផ្អាកជំនួយយោធាទាំងអស់របស់អាមេរិក ដល់អ៊ុយក្រែនផងដែរ៕
