បាល់ទាត់៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ជាតិ) ឆ្នាំ២០២១ នឹងឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៥ ខែវិច្ឆិកាស្អែកនេះ ដោយការប្រកួតកាត់សេចក្ដីរកក្រុមជើងឯកនេះនឹងធ្វើឡើងនៅកីឡដ្ឋាន Smart RSN របស់ក្លិបភ្នំពេញក្រោន។ ចំពោះបេក្ខភាពវគ្គផ្ដាច់ព្រ័ត្ររួមមានអតីតក្រុមជើងឯក ៤សម័យព្រះខ័នរាជស្វាយរៀងត្រូវជួបក្រុមការពារតំណែងជើងឯកវិសាខា ដែលការប្រកួតនឹងចាប់ផ្ដើមនាវេលាម៉ោង ៦ល្ងាច ក្រោយបញ្ចប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនជាមួយក្រុមបឹងកេត។
មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមព្រះខ័នរាជស្វាយរៀងបានវាយបកយកឈ្នះក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋានខេត្តស្វាយរៀង ស្របពេលក្រុមវិសាខាបានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត ដោយលទ្ធផល ២-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ គួរដឹងថា នេះគឺជាលើកទី៨ ហើយដែលព្រះខ័នរាជស្វាយរៀង បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដ្បិត ៧លើកមុន ពួកគេបានយកឈ្នះ និងគ្រងជើងឯកចំនួន ៤ដង។ រីឯវិសាខាទើបឡើងវគ្គផ្ដាច់ព្រ័ត្រជាលើកទី២ ប៉ុណ្ណោះ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមណាហ្គាវើលដ៏ ២-០ ដើម្បីឈ្នះលើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ក្លិបកាលពីឆ្នាំ២០២០៕
អត្ថបទ៖ លី ឈុនឡា