អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃអង្គារថា លោកបានគាំទ្រគំនិតផ្តួចផ្តើមដឹកនាំដោយអារ៉ាប់ ដើម្បីប្រមូលការគាំទ្រសម្រាប់ការកសាងឡើងវិញតំបន់ហ្កាហ្សាស្ទ្រីប និងបានអំពាវនាវឱ្យការចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សាត្រូវបានបន្ត «ដោយគ្មានការពន្យារពេល» ជាមួយនឹងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស ព្រមទាំងដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីន «តាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង»។

ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយថា លោកស្វាគមន៍ចំពោះផែនការរបស់ប្រទេសអេហ្ស៊ីប ក្នុងការកសាងតំបន់ហ្កាហ្សាឡើងវិញ និងបានជំរុញឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គាំទ្រផែនការបែបនេះ ដែលមិនពាក់ព័ន្ធនឹងការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ៊ុមព័ទ្ធនោះ។

ប្រទេសអេហ្ស៊ីប បានបង្ហាញផែនការសម្រាប់ការកសាងឡើងវិញនូវតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ នៅឯកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់នៅទីក្រុងគែរ។ ផែនការ ដែលត្រូវបានមើលឃើញដោយសារព័ត៌មាន Reuters មានគោលបំណងប្រឆាំងនឹងសំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការសាងសង់រមណីយដ្ឋានល្អប្រណិតនៅតំបន់មជ្ឈិមបូព៌ា ក្នុងតំបន់ហ្គាហ្សាស្ទ្រីប។