ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអៈអាងថា នារី គឺជាកម្លាំងស្នូល មិនអាចខ្វះបានក្នុងវិស័យសុខាភិបាល និងក្នុងការអភិវឌ្ឍប្រទេសជាតិ និងសូមនារីទាំងអស់បន្តអភិវឌ្ឍ ទាំងចំណេះដឹង ជំនាញ និងក្រមសីលធម៌ជាបន្តបន្ទាប់ ព្រមទាំងថែទាំសុខភាពផ្លូវកាយចិត្ត សកិ្តសមជានារីរតនៈ ជាកម្លាំង ចលករដ៏រឹងមាំរបស់ជាតិ។
ឯកឧត្តម រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងបែបនេះ ក្នុងឱកាស ក្រសួងសុខាភិបាលបានរៀបចំជួបជុំគ្នា ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងគោលបំណងគូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រី គ្រប់រូបនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រី្តក្រសួងសុខាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាអាទិភាពលើការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ ភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យច្បាស់លាស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើសុខភាពរបស់មាតា ទារក និងកុមារ និងបានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមភាពយេនឌ័រយ៉ាងទូលំទូលាយលើគ្រប់វិស័យនៅទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស គឺស្រ្តីខ្លួនឯងយល់ពីតួនាទី និងសិទ្ធិរបស់ខ្លួន និងរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍជាតិ។
ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្សក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានបន្តកំណត់ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រី្តគឺជាស្នូល»។
រាជរដ្ឋាភិបាលបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគ លើសមភាព យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំជាសាធារណៈ បង្កលក្ខណៈអំណោយផលដល់ស្រ្តីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយ ភាពងាយរងគ្រោះ ដោយអំពើហិង្សាលើស្រ្តី និងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។ រាជរដ្ឋាភិបាលបានផ្តល់ឱកាសដល់ស្ត្រី ក្នុងការរួមចំណែកអភិវឌ្ឈសេដ្ឋកិច្ច និងសង្គមជាតិ និងលើកទឹកចិត្តឱ្យស្រ្តី មានតួនាទី និងមុខតំណែងជាអ្នកគ្រប់គ្រង និងជាអ្នកដឹកនាំចាប់តាំងពីថ្នាក់ ក្រោមជាតិ រហូតដល់ថ្នាក់ដឹកនាំកំពូល ជាក់ស្តែងយើងមានសមាសភាពជានារីនៅក្នុងជួរថ្នាក់ដឹកនាំ ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត ក្រសួង ស្ថាប័ន ជាងនេះទៅទៀតក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា៕ អត្ថបទ៖ រដ្ឋា






