លោក Donald Trump បានប្រកាសនៅថ្ងៃអង្គារ (០៤ មីនា) ថា "អាមេរិកត្រលប់មកវិញហើយ" នៅក្នុងសុន្ទរកថាដ៏វែង និងពោរពេញដោយការរំខានលើកដំបូងរបស់ខ្លួនទៅកាន់សភាចាប់តាំងពីការវិលត្រឡប់មកកាន់អំណាច ដោយប្រឈមនឹងការប្រឆាំងភ្លាមៗពីក្រុមប្រជាធិបតេយ្យ នៅពេលលោកលើកឡើងពីគោលនយោបាយសង្គម និងសេដ្ឋកិច្ចដ៏ជ្រុលនិយម និងសរសើរទីប្រឹក្សាមហាសេដ្ឋីរបស់ខ្លួនគឺលោក Elon Musk។

លោក Musk ដែលជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតម្នាក់ក្នុងពិភពលោក បានស្ថិតក្នុងចំណោមអ្នកនយោបាយជាច្រើន ដែលចូលរួមក្នុងសុន្ទរកថាតាមទូរទស្សន៍ដំបូងគេរបស់មេដឹកនាំមកពីសាធារណរដ្ឋវ័យ ៧៨ឆ្នាំរូបនេះ។ បន្ទាប់ពីកាន់អំណាចតិចជាងពីរខែ និងការចាត់វិធានការជាច្រើនរបស់ខ្លួន លោក Trump បាននិយាយថា "នេះទើបតែចាប់ផ្តើមប៉ុណ្ណោះ" ដោយប្រកាសថា "ក្តីសុបិន្តរបស់អាមេរិក គឺមិនអាចបញ្ឈប់បានឡើយ"។

លោក Trump បានថ្លែងអស់ពេល ១០០នាទី ហើយនេះជាសុន្ទរកថាដ៏វែងបំផុតទៅកាន់សម័យប្រជុំរួមនៃសភាដោយប្រធានាធិបតីរូបណាទាំងអស់របស់អាមេរិក។ ស្ទើរតែគ្រប់ឃ្លាទាំងអស់នៃសុន្ទរកថាដែលបានអួតពីភាពជោគជ័យរបស់ខ្លួន លោក Trump បានទទួលការអបអរសាទរយ៉ាងខ្លាំងពីសមាជិកបក្សសាធារណរដ្ឋ ប៉ុន្តែការតវ៉ាប្រឆាំងពីសមាជិកបក្សប្រជាធិបតេយ្យក៏បានផ្ទុះឡើងផងដែរក្នុងពេលនោះ។

អ្នកប្រជាធិបតេយ្យបានកាន់បដាតវ៉ាយ៉ាងស្ងៀមស្ងាត់ដែលសរសេរថា "មិនពិត" "Musk ជាចោរលួច" និង "នោះជាការកុហក!"។ ក្រោយមកទៀត អ្នកប្រជាធិបតេយ្យជាច្រើនបានស្រែកថា "ថ្ងៃទី០៦ មករា!" ដាក់លោក Trump ដោយសំដៅលើការវាយប្រហាររបស់អ្នកគាំទ្ររបស់លោកលើវិមានកាពីតូល ក្នុងឆ្នាំ២០២១ បន្ទាប់ពីលោកបដិសេធមិនទទួលស្គាល់ការចាញ់ឆ្នោតរបស់ខ្លួននៅពេលនោះ៕