ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា សិស្សានុសិស្សជិត ៩៦ភាគរយ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីម្សិលមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជនដល់ទៅ ១៤១ ០៥៦នាក់ ឬស្មើនឹង ៩៥,៩៧ភាគរយ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក្នុងនោះមានយុវតី ៧៧ ៤៩៥នាក់ផងដែរ។
បើតាមក្រសួង សិស្សានុសិស្សរហូតដល់ ១៥៤ ៨៩៩នាក់ ក្នុងនោះមានស្រី ៨៣ ៨២៣នាក់ បានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬប្រឡងបញ្ចប់ថ្នាក់ទី៩ កាលពីថ្ងៃទី១៥ វិច្ឆិកាកន្លងមកនេះ។
ក្រសួងបានឱ្យដឹងទៀតថា បេក្ខជនសរុប ១៤៥ ៦៦៨នាក់ ក្នុងនោះមានស្រី ៧៩ ០៥៦នាក់ បានចូលរួមប្រឡង ខណៈបេក្ខជន ៩ ២០២នាក់ទៀត បានអវត្តមានពីសម័យប្រឡង៕




