ព្យុះស៊ីក្លូនត្រូពិកដ៏កម្រមួយ បានបោកបក់ឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលរបស់អូស្ត្រាលី នៅថ្ងៃពុធ (០៥ មីនា) នេះ ដោយបង្កការព្រមានអំពីគ្រាអាសន្ន បិទសាលារៀនរាប់រយកន្លែង និងហានិភ័យយ៉ាងធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ទៅលើលំនៅឋានរាប់ម៉ឺនខ្នងរបស់ប្រជាជន។

ក្រុមអ្នកព្យាករបាននិយាយថា ព្យុះស៊ីក្លូនត្រូពិក Alfred នឹងវាយប្រហារនៅព្រឹកថ្ងៃទី០៧ ខែមីនា នៅជិតទីក្រុង Brisbane ដោយនោះជាព្យុះទីហ្វុងដំបូងគេដែលបានវាយប្រហារតំបន់នេះក្នុងពេលជាង ៥០ឆ្នាំ។ អាជ្ញាធរព្រមានថា លំនៅឋានជិត ២០.០០០ខ្នង នៅក្នុងទីក្រុង Brisbane ប្រឈមនឹងហានិភ័យនៃការជន់លិច។

ជំនន់ទឹកភ្លៀង ខ្យល់ដ៏បំផ្លិចបំផ្លាញ និងរលកខ្លាំងក្លា ត្រូវបានរំពឹងថានឹងវាយលុកតំបន់ឆ្នេរ ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលប្រវែង ៣០០គីឡូម៉ែត្រ ជាប់ព្រំដែននៃរដ្ឋ Queensland និង New South Wales។

រលកធំៗកម្ពស់ប្រមាណ ៥ម៉ែត្រដែលបង្កឡើងដោយព្យុះនោះបានកើនឡើងពាសពេញផ្ទៃសមុទ្រ ខណៈមនុស្សម្នាកំពុងបំពេញបាវខ្សាច់ ឬត្រៀមខ្លួនដើម្បីជម្លៀសទៅកាន់ទីទួលខ្ពស់។ មន្ត្រីក្រសួងអប់រំនិយាយថា សាលារៀនជាង ៧០០កន្លែង នៅទូទាំងរដ្ឋ Queensland និងតំបន់ទន្លេភាគខាងជើងដែលងាយរងគ្រោះដោយទឹកជំនន់នៃរដ្ឋ New South Wales នឹងបិទចាប់ពីថ្ងៃទី០៦ ខែមីនា តទៅ៕