ការផ្អាកជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោន នឹងមិននាំទៅដល់ការដួលរលំភ្លាមៗនៃខ្សែការពាររបស់អ៊ុយក្រែនទេ ប៉ុន្តែការបង្កកនេះក៏នៅតែអាចជះឥទ្ធិពលយ៉ាងពិតប្រាកដលើសង្រ្គាមក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយធ្វើឱ្យខូចដល់ប្រព័ន្ធការពារដែនអាកាស និងសមត្ថភាពវាយប្រហារជាក់លាក់ជាពិសេសរបស់អ៊ុយក្រែន។

លោក Michael Kofman អ្នកជំនាញមកពីវិទ្យាស្ថាន Carnegie Endowment បានលើកឡើងថា "ការផ្អាកជំនួយនោះគឺអាក្រក់ណាស់សម្រាប់អ៊ុយក្រែន ប៉ុន្តែផលប៉ះពាល់មិនទាន់មានភ្លាមៗទេដោយសារអ៊ុយក្រែន មិនសូវពឹងផ្អែកលើជំនួយដោយផ្ទាល់ពីអាមេរិក ដូចកាលពីមុនឡើយ"។

ប្រភពជាច្រើនលើកឡើងថា ការដឹកជញ្ជូនជំនួយយោធារបស់សហរដ្ឋអាមេរិក តាមព្រំដែនភាគខាងលិចរបស់អ៊ុយក្រែន បានផ្អាកនៅម៉ោង ៣:៣០ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានផ្អាកជំនួយនោះកាលពីល្ងាចថ្ងៃចន្ទ ក្រោយការប៉ះទង្គិចពាក្យសម្ដីយ៉ាងតានតឹងជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីសប្តាហ៍មុន។

វិធានការនេះក៏បានផ្អាកការដកប្រាក់បន្ថែមចេញពីជំនួយយោធាចំនួន ៣,៨៥ពាន់លានដុល្លារ ដែលត្រូវបានអនុម័តដោយសភាអាមេរិកតាំងពីយូរមកហើយ ហើយជំហាននេះក៏ហាក់ដូចជាបញ្ឈប់ការដឹកជញ្ជូនគ្រឿងយុទ្ធោបករណ៍ ដែលត្រូវបានអនុម័តរួចហើយដោយលោកអតីតប្រធានាធិបតី Joe Biden ផងដែរ៕