កុមារហ្កាហ្សាសរុបចំនួន ២៩នាក់ រួមជាមួយក្រុមគ្រួសាររបស់ពួកគេ ត្រូវបានជម្លៀស ទៅកាន់ប្រទេសហ្ស៊កដានី កាលពីថ្ងៃអង្គារ ជាក្រុមដំបូងនៃកុមារ ២.000នាក់ ដែលនឹងទទួលការព្យាបាល នៅព្រះរាជាណាចក្រនេះ។
កងកម្លាំងប្រដាប់អាវុធហ្ស៊កដានី បាននិយាយថា ការជម្លៀសកុមារទាំងនេះ ត្រូវបានសម្របសម្រួលដោយកងទ័ព អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមច្រករបៀងវេជ្ជសាស្រ្ដហ្ស៊កដានី។
ក្នុងសន្និសីទសារព័ត៌មានមួយ នាយកប្រព័ន្ធផ្សព្វផ្សាយយោធា លោកឧត្តមសេនីយ៍ត្រី មូតាហ្វា អាល់-ហ៊ីយ៉ារី (Mustafa Al-Hiyari) បាននិយាយថា កុមារ ៤នាក់ ត្រូវបានជម្លៀសតាមឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសហ្ស៊កដានី តាមរយៈអាកាសយានដ្ឋានយោធា Marka ហើយកុមារ ២៥នាក់ ត្រូវបានជម្លៀសតាមផ្លូវគោក ដោយរថយន្តសង្គ្រោះ ឆ្លងកាត់ស្ពាន King Hussein Bridge ដែលត្រូវបានគេស្គាល់ថា ជាស្ពាន Allenby ។
លោក អាល់-ហ៊ីយ៉ារី បានអះអាងថា ចំនួនអ្នកជំងឺសរុបដែលត្រូវបានព្យាបាល នៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្នរបស់ហ្ស៊កដានី នៅតំបន់ហ្កាហ្សា និងតំបន់វេសបែង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះហាម៉ាស-អ៊ីស្រាអែល មានលើសពីកន្លះលាននាក់។