ទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល Shin Bet បានទទួលស្គាល់កាលពីថ្ងៃអង្គារថា ការបរាជ័យរបស់ខ្លួន ក្នុងការទប់ស្កាត់ការវាយប្រហាររបស់ក្រុមហាម៉ាស នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដោយនិយាយថា ប្រសិនខ្លួនបានធ្វើសកម្មភាពខុសគ្នានោះ ថ្ងៃដែលមានមនុស្សស្លាប់បំផុត ក្នុងប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល អាចបញ្ចៀសបានទៅហើយ។
ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងនេះ បាននិយាយថា ការស៊ើបអង្កេតផ្ទៃក្នុងមួយ «បង្ហាញថា ប្រសិនបើ Shin Bet ធ្វើសកម្មភាពខុសគ្នា ទាំងនៅក្នុងឆ្នាំដែលឈានទៅដល់ការវាយប្រហារ និងនៅយប់នៃការវាយប្រហារនោះ...ការសម្លាប់រង្គាល អាចត្រូវបានរារាំងជាក់ជាមិនខាន»។
ការទទួលស្គាល់នេះ កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការស៊ើបអង្កេតយោធាអ៊ីស្រាអែល បានកត់សម្គាល់ពីការបរាជ័យស្រដៀងគ្នានេះ ក្នុងការការពារជនជាតិអ៊ីស្រាអែល ក្នុងអំឡុងពេលនៃការវាយប្រហារដែលបាន បណ្តាលឲ្យមនុស្សរាប់រយនាក់ ស្លាប់ និងបង្កឲ្យមានសង្គ្រាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាស្ទ្រីប ជាទី ដែលប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ត្រូវបានសម្លាប់។
នៅក្នុងផ្នែកដំបូងនៃសេចក្តីសង្ខេបអំពីការរកឃើញជាច្រើនពីការស៊ើបអង្កេតរបស់ Shin Bet ប្រធានទីភ្នាក់ងារនេះ លោក Ronen Bar ទទួលខុសត្រូវចំពោះការបរាជ័យ ដោយនិយាយថា « ក្នុងនាមជាប្រធានអង្គការនេះ ខ្ញុំនឹងទទួលបន្ទុកដ៏ធ្ងន់នេះ ពេញមួយជីវិតរបស់ខ្ញុំ»។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ដើម្បីយល់យ៉ាងពិតប្រាកដពីរបៀប ដែលការវាយប្រហារដែលមិនធ្លាប់មានពីមុនមកមិន ត្រូវបានបញ្ឈប់នោះ គឺចាំបាច់ត្រូវមានការស៊ើបអង្កេតយ៉ាងទូលំទូលាយអំពីតួនាទីនៃសន្តិសុខ និងកត្តាយោបាយរបស់អ៊ីស្រាអែល និងកិច្ចសហប្រតិបត្តិការរវាងពួកគេ។