កងកម្លាំងក្រុមហ៊ួទីនៅប្រទេសយេម៉ែន បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានស្ទាក់ចាប់បានដោយជោគជ័យនូវយានដ្រូនឈ្លបយកការណ៍ MQ-9 របស់សហរដ្ឋអាមេរិក ពីលើទីក្រុងកំពង់ផែ Hodeidah នៃ សមុទ្រក្រហម។
លោក Yahya Sarea អ្នកនាំពាក្យយោធាក្រុមហ៊ួទី បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា យានដ្រូននេះ ត្រូវបានទម្លាក់ ខណៈពេលដែល «រំលោភលើដែនអាកាសយេម៉ែន និងធ្វើប្រតិបត្តិការអរិភាព» នៅក្នុងខេត្ត Hodeidah ។
លោក Sarea បាននិយាយថា នេះគឺជាយានដ្រូនទី១៥ ដែលត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងហ៊ួទី ក្នុងអំឡុងពេលអ្វីដែលពួកគេហៅថា ជា«ការប្រយុទ្ធដែលកំពុងបន្តដើម្បីសេរីភាពនិងក្រុមជីហាដដ៏ពិសិដ្ឋ» ជាយុទ្ធនាការ ដែលពួកគេពិពណ៌នាថា ជាការគាំទ្រដល់តំបន់ហ្កាហ្សា និងលីបង់។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីប្រភពយោធា ឬការទូតរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការអះអាងរបស់ក្រុមហ៊ួទីទេ។
ក្រុមហ៊ួទីដែលគ្រប់គ្រងតំបន់ដ៏ធំនៃភាគខាងជើងប្រទេសយេម៉ែន រួមទាំងរដ្ឋធានី Sanaa ពីមុន បានកំណត់គោលដៅលើនាវាដែលពួកគេនិយាយថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែល ក្នុងសមុទ្រក្រហម ជាការគាំទ្រដល់ប៉ាឡេស្ទីន ក្នុងអំឡុងពេលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។