កុមារអាយុក្រោម ៥ឆ្នាំ រួមទាំងទារក ស្ថិតក្នុងចំណោមជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទ ក្នុងសង្រ្គាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF)។ នេះបើយោងតាមការរកឃើញ ដែលបានចែករំលែកកាលពីថ្ងៃអង្គារ ដោយទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានដកស្រង់ទិន្នន័យដែលចងក្រងដោយក្រុមដែលមានមូលដ្ឋាន នៅស៊ូដង់ ជួយអ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទ ដែលបង្ហាញថា ក្នុងចំណោម ២២១ករណី ដែលពាក់ព័ន្ធនឹងកុមារ ដែលបានកត់ត្រា តាំងពីឆ្នាំមុន ១៦នាក់មានអាយុក្រោម ៥ឆ្នាំ រួមទាំងក្មេងអាយុមួយឆ្នាំ ៤នាក់។ ទីភ្នាក់ងារនេះ បានបញ្ជាក់ថា ប្រហែលមួយភាគបីនៃជនរងគ្រោះ គឺភេទប្រុស។
ទិន្នន័យនេះ រួមមានករណីមកពីទូទាំងប្រទេស ប៉ុន្តែបុគ្គលិកជំនួយ និងក្រុមសិទ្ធិមនុស្សជឿថា វាតំណាងឲ្យករណីមួយផ្នែកប៉ុណ្ណោះ ដោយសារតែការខ្មាស់អៀន ការភ័យខ្លាចនៃការសងសឹក កង្វះលទ្ធភាពទទួលបានកន្លែងផ្តល់សេវាវេជ្ជសាស្រ្ត និងការរាយការណ៍មានកម្រិត។
អ្នកនៅរស់រានមានជីវិតមួយចំនួន ដែលត្រូវបានសាកសួរដោយអង្គការ UNICEF បាននិយាយថា ពួកគេមានគភ៌ ដោយសារការចាប់រំលោភ ដែលបណ្តាលឲ្យមានការបដិសេធពីសាច់ញាតិ និងមានការលំបាកបន្ថែមទៀត។