ប្រទេសចិន នៅថ្ងៃពុធ (ទី៥ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងជំរុញដល់ការគាំទ្រ សម្រាប់ការអនុវត្តគំរូបញ្ញាសិប្បនិម្មិត (AI) និងការអភិវឌ្ឍនៃការវិនិយោគបណ្តាក់ទុន ដែលជាកិច្ចប្រឹងប្រែងលើកកម្ពស់វឌ្ឍនភាពបច្ចេកវិទ្យាបន្ថែមទៀត និងជួយឲ្យប្រទេសកាន់តែមានភាពឯករាជ្យកាន់ខ្លាំងឡើងៗ ពោលគឺបន្ថយការពឹងផ្អែកលើប្រទេសដទៃ។
ផែនការទាំងនោះត្រូវបានដាក់បញ្ចូលក្នុងឯកសាររដ្ឋាភិបាលដែលត្រូវបានរៀបចំ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនជាតិ។ របាយការណ៍នោះ បានរៀបរាប់ថា ប្រទេសនេះចង់លើកកម្ពស់ «ឧស្សាហកម្មនៃអនាគត» ក្នុងនោះរួមទាំងការផលិតជីវសាស្ត្រ បច្ចេកវិទ្យាកង់តិច AI និងច្ចេកវិទ្យា 6G។ ដើម្បីធ្វើដូច្នេះបាន ប្រទេសចិនគ្រោងនឹងស្វែងរកគំរូថ្មី សម្រាប់មន្ទីរពិសោធន៍ជាតិ ក៏ដូចជាផ្តល់ការគាំទ្រខ្លាំង និង «ការទទួលខុសត្រូវសំខាន់ៗ» ដល់អ្នកវិទ្យាសាស្ត្រ និងវិស្វករវ័យក្មេង។
របាយការណ៍បានបន្ថែមថា ខ្លួននឹងគាំទ្រដល់ការអនុវត្តទ្រង់ទ្រាយធំនូវគំរូ AI និងការអភិវឌ្ឍស្ថានីយឆ្លាតវៃជំនាន់ក្រោយ និងស្ថានីយផលិតឆ្លាតវៃ។ នេះជាលើកទី១ ហើយ ដែលគំរូ AI ត្រូវបានគេលើកឡើងយកមកនិយាយនៅក្នុងរបាយការណ៍ការងារ ហើយកើតឡើងបន្ទាប់ពីមានការគាំទ្រទូទាំងពិភពលោកនាពេលថ្មីៗនេះ លើក្រុមហ៊ុន AI របស់ចិន គឺ DeepSeek។
ជាមួយគ្នានេះ របាយការណ៍ក៏បានលើកឡើងផងដែរថា ខ្លួននឹងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធទិន្នន័យមូលដ្ឋាន ក្នុងល្បឿនកាន់តែលឿនជាងមុន និងលើកកម្ពស់លំហូរទិន្នន័យឆ្លងព្រំដែន៕