ក្នុងសុន្ទរកថាដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធ (ទី៥ ខែមីនា) នេះ មេដឹកនាំបេឡារុស និងជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី គឺលោក Alexander Lukashenko បានលើកឡើងថា ទីក្រុងមូស្គូ និងទីក្រុងមីនស្ក៍ (Minsk) ទទួលបានអត្ថប្រយោជន៍ពីរបៀបដែលសហរដ្ឋអាមេរិក ប្រព្រឹត្តចំពោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងការបែកបាក់គ្នា រវាងទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប (EU)។
អំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយលោក Mario Nawfal ដែលជាអ្នកសារព័ត៌មានដ៏ល្បី នៅលើបណ្ដាញសង្គម X របស់លោក Elon Musk លោក Lukashenko បានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump និងវិធីសាស្រ្តរបស់លោក ចំពោះសង្រ្គាម នៅអ៊ុយក្រែន។
លោក Lukashenko ដែលបានបន្តការគ្រប់គ្រងអំណាចរយៈពេល ៣១ឆ្នាំរបស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែមករា ដែលរដ្ឋាភិបាលលោកខាងលិច បានច្រានចោលថា ជាជ័យជម្នះបោកប្រាស់នោះ បានប្រាប់លោក Nawfal ថា៖ «វាគឺដោយសារមានតែរដ្ឋបាលនេះប៉ុណ្ណោះដែលយកបញ្ហាបញ្ចប់សង្រ្គាមជារឿងបន្ទាន់។ វាផ្តល់អត្ថប្រយោជន៍ដល់យើង ដែលគាត់ (លោក Trump) បានបង្ហាញលោក Zelensky ថា គាត់គួរតែដឹងពីកិច្ចការនេះ»។
គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បាននាំឲ្យលោក Lukashenko កាន់តែមានភាពជិតស្និទ្ធជាងពេលណាៗទាំងអស់ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលការលុកលុយរបស់លោក ត្រូវបានចាប់ផ្តើមមួយផ្នែកពីដែនដីបេឡារុស។ ចាប់តាំងពីពេលនោះមក លោក Putin ក៏បានដាក់ពង្រាយអាវុធនុយក្លេអែរយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅបេឡារុសផងដែរ។
មេដឹកនាំបេឡារុស បានបញ្ជាក់ថា លោក Trump គ្មានគោលដៅអ្វីក្រៅពីបញ្ចប់សង្គ្រាម ដែលលោកហៅថា ជាគោលនយោបាយការបរទេសដ៏ភ្លឺស្វាង៕