រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅថ្ងៃពុធ (ទី៥ ខែមីនា) នេះ បាននិយាយថា ការកាន់តំណែងជាប្រធានាធិបតីអាណត្តិទី២ របស់លោក Donald Trump គឺមានភាពច្របូកច្របល់រួចហើយជាងអាណត្តិទី១ របស់លោក បើទោះជាលោកស្រីសង្ឃឹមថា ប្រទេសរបស់លោកស្រីអាចនៅតែទទួលបានការលើកលែង នៅពេលនិយាយពាក់ព័ន្ធអំពីពន្ធ។
រដ្ឋមន្ត្រីការបរទេស លោកស្រី Penny Wong បាននិយាយថា «គ្មានការសង្ស័យនោះទេ» ជុំវិញភាពច្របូកច្របល់នៃក្រឹត្យជាបន្តបន្ទាប់របស់លោក Trump ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីជាង ៦សប្តាហ៍មុន ដោយអូស្ត្រាលីកំពុងដោះស្រាយជាមួយ «រដ្ឋបាលខុសប្លែកខ្លាំងរបស់អាមេរិក»។
នៅឯកិច្ចប្រជុំកំពូលអាជីវកម្មវាយតម្លៃហិរញ្ញវត្ថុរបស់អូស្ត្រាលី នៅទីក្រុងស៊ីដនី លោកស្រី បានលើកឡើងថា៖ «លោកប្រធានាធិបតី Trump និងរដ្ឋបាលរបស់លោក ចង់ឃើញអាមេរិកខុសប្លែកយ៉ាងខ្លាំង នៅក្នុងពិភពលោកនេះ។ យើងបានឃើញទិដ្ឋភាពបែបនេះ នៅក្នុងរដ្ឋបាលរបស់លោក Trump កាលពីអាណត្តិទី១ ប៉ុន្តែខ្ញុំគិតថា វាច្បាស់ណាស់ថា ទំហំនៃការផ្លាស់ប្តូរ នៅក្នុងរដ្ឋបាលនេះ ពោលគឺអាណត្តិទី២ នៃរដ្ឋបាលរបស់លោក Trump គឺកាន់តែធំជាងមុនខ្លាំង»។
ជាមួយគ្នានេះ លោកស្រី Wong បានបន្ថែមទៀតថា ការដំឡើងពន្ធ គឺជាការផ្តោតសំខាន់មួយ សម្រាប់លោក Trump ហើយថា ប្រទេសអូស្ត្រាលីនៅតែជំរុញឲ្យមានការលើកលែងកម្រិតពន្ធ ២៥ភាគរយលើដែកថែប និងអាលុយមីញ៉ូមដែលគ្រោងនឹងចាប់ផ្តើម នៅសប្តាហ៍ក្រោយ៕