ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិករដ្ឋសភា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញរូបថតរៀបមង្គលការកាលពីឆ្នាំ១៩៨៥ ដែលកាលនោះសម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមអាពាហ៍ពិពាហ៍របស់ឯកឧត្តមផ្ទាល់។
ឯកឧត្តម បានសរសេរថា៖«ថ្ងៃមុននិយាយពីពេលរៀបការសម្តេចកិត្តិបណ្ឌិតជាអ្នកដឹកដៃខ្ញុំ! យប់នេះ រើរូបដើម្បីបោះសៀវភៅថ្មីមួយទៀតនៅខែមេសា២០២៥នេះ ក៏បានឃើញរូបមួយចំនួនដែលទាំងសម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មករួមអាពាហ៍ពិពាហ៍ខ្ញុំនៅថ្ងៃទី ៦ មេសា ១៩៨៥។ ហើយនេះជាលើកទីមួយ ក្រោយ ៧ មករា ១៩៧៩ ដែលលោកទាំងពីរមកចូលរួមអាពាហ៍ពិពាហ៍បែបប្រពៃណីនេះ។ ហើយនេះមិនមែនជារឿងចៃដន្យទេ»។
ឯកឧត្តម បានរម្លឹកថា៖«នៅមុនពេលរៀបការ ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់មិនអនុញ្ញាតអោយរៀបការទេ ដោយឪពុកក្មេកខ្ញុំ ទេព ថូ ចេញពីយោធាលន់ ណុល ( សក្តិ ៥ ពេទ្យទាហាន ) និង មានអ្នកជំរុញអោយមាននារីអ្នកតវ៉ាផង (សម័យនោះមន្ត្រីជាន់ខ្ពស់ដូចជារូបខ្ញុំនៅពេលរៀបការត្រូវមានការយល់ព្រមពីថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស )។ មានតែសម្តេចមួយគត់ដែលថាអោយខ្ញុំរៀបការទៅ។ ដើម្បីបង្ការមានការបំផ្លាញពិធីការនេះ ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកដឹកដៃខ្ញុំ ហើយសម្តេចតេជោ បានផ្អាកការប្រជុំគណៈរដ្ឋមន្ត្រីសម័យនោះដើម្បីមកចូលរួម។ នេះជាគុណធម៌ដែលខ្ញុំមិនអាចបំភ្លេចបានរហូតមួយជីវិតខ្ញុំ»៕





