ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានចែករំលែកផែនការសម្រាប់សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍខែលការពារមីស៊ីល ដែលមានឈ្មោះថា «Golden Dome»។
លោកបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សភាថា៖«ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ព ការផ្តោតអារម្មណ៍របស់ខ្ញុំ គឺលើការកសាងយោធាដ៏មានឥទ្ធិពលបំផុត នាពេលអនាគត។ ជាជំហានដំបូង ខ្ញុំកំពុងស្នើសុំឲ្យសភាផ្តល់ថវិកាដល់ការសាងសង់ខែលការពារមីស៊ីល Golden Dome ដ៏ទំនើប ដើម្បីការពារមាតុភូមិរបស់យើង ដែលខែលទាំងអស់ ធ្វើនៅសហរដ្ឋអាមេរិក»។
លោក ត្រាំ បានសង្កត់ធ្ងន់ថា ប្រធានាធិបតីអាមេរិក លោក Ronald Reagan (កាន់តំណែងពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៩) មានគម្រោងបង្កើតប្រព័ន្ធការពារមីស៊ីលបែបនេះ ប៉ុន្តែបច្ចេកវិទ្យានាពេលនោះ មិនអនុញ្ញាតឲ្យគម្រោងនេះ ត្រូវបានអនុវត្តនោះទេ។ មេដឹកនាំអាមេរិករូបនេះ បានបន្ថែមថា៖«ប៉ុន្តែឥឡូវនេះ យើងមានបច្ចេកវិទ្យា។ វាពិតជាអស្ចារ្យណាស់»។ «ហើយកន្លែងផ្សេងទៀត - ពួកគេមានប្រព័ន្ធការពារនេះ អ៊ីស្រាអែលមានវា។ កន្លែងផ្សេងទៀត មានវា។ ដូច្នេះសហរដ្ឋអាមេរិក គួរតែមានប្រព័ន្ធការពារនេះ ផងដែរ តើជារឿងត្រឹមត្រូវមែនទេ?»។
លោក ត្រាំ បានសន្មតថា វាមានសារៈសំខាន់ខ្លាំងណាស់ នេះ គឺពិភពដ៏គ្រោះថ្នាក់បំផុត យើងគួរតែមានប្រព័ន្ធការពារមីស៊ីលGolden Dome។ យើងចង់ទទួលបានការការពារ ហើយយើងនឹងការពារប្រជាពលរដ្ឋរបស់យើង ដែលមិនធ្លាប់មានពីមុនមក»។