សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី៤ ខែមីនា) បានបញ្ចប់ការតាមដានបរិយាកាសកខ្វក់ ដោយស្ថានទូតរបស់ខ្លួន ដែលជាប្រភពទិន្នន័យដ៏សំខាន់ ជាពិសេសនៅទីក្រុងប៉េកាំង ប្រទេសចិន ខណៈដែលប្រធានាធិបតី លោក Donald Trump កាត់បន្ថយការចំណាយនៅក្រៅប្រទេស និងផ្នែកបរិស្ថាន។
ក្រសួងការបរទេស បានលើកឡើងពី «បញ្ហាកង្វះថវិកា» ខណៈដែលបានប្រាប់ថា ខ្លួនកំពុងបញ្ចប់ការបញ្ជូនទិន្នន័យរបស់កម្មវិធីតាមដានគុណភាពខ្យល់។ អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា៖ «ស្ថានភាពថវិកាបច្ចុប្បន្ន តម្រូវឲ្យយើងកាត់បន្ថយទាំងលំបាក ហើយជារឿងគួរឲ្យសោកស្ដាយណាស់ យើងមិនអាចបន្តផ្សព្វផ្សាយទិន្នន័យនេះបានទៀតទេ»។
ក្រសួងការបរទេសបានបញ្ជាក់ថា ទិន្នន័យកន្លងមក នឹងនៅតែមានលើគេហទំព័ររបស់ទីភ្នាក់ងារការពារបរិស្ថាន ប៉ុន្តែទិន្នន័យបន្តផ្ទាល់ ត្រូវបានបញ្ឈប់ កាលពីថ្ងៃទី៤ ខែមីនា ហើយនឹងនៅតែមិនមាន រហូតលុះត្រាតែការផ្តល់មូលនិធិត្រូវបានចាប់ផ្ដើមឡើងវិញ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៨ មក សហរដ្ឋអាមេរិកបានត្រួតពិនិត្យគុណភាពខ្យល់តាមរយៈស្ថានទូត ពោលគឺជាការផ្ដល់សេវាកម្មដល់ជនជាតិអាមេរិក នៅបរទេស ប៉ុន្តែក៏ត្រូវបានបង្កើនឲ្យកាន់តែខ្លាំងឡើងផងដែរ ក្នុងនាមជាមធ្យោបាយចែករំលែកទិន្នន័យវិទ្យាសាស្រ្តត្រឹមត្រូវច្បាស់លាស់ ដែលអាចមិនត្រូវបានត្រួតពិនិត្យ នៅក្រៅប្រទេស៕