អង្គការលើកលែងទោសអន្តរជាតិ នៅថ្ងៃពុធ (ទី៥ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល លើរថយន្តសង្គ្រោះបន្ទាន់ គ្រូពេទ្យបថមសង្គ្រោះ និងកន្លែងថែទាំសុខភាពនានា អំឡុងពេលមានសង្គ្រាមថ្មីៗនេះ ជាមួយក្រុមហេសបូឡា គួរតែត្រូវបានស៊ើបអង្កេតជាឧក្រិដ្ឋកម្មសង្គ្រាម។
កិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំមុន បានផ្អាកដោយភាគច្រើននូវអរិភាពរយៈពេលជាង ១ឆ្នាំ រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ក្នុងនោះរួមទាំងសង្គ្រាមពេញបន្ទុករយៈពេល ២ខែ ដែលអ៊ីស្រាអែលបានបញ្ជូនទាហានជើងគោកចូលប្រទេសលីបង់។

អំឡុងជម្លោះនេះ យោធាអ៊ីស្រាអែលបានចោទប្រកាន់ក្រុមគាំទ្រដោយអ៊ីរ៉ង់នេះថា បានប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ ដែលជាកម្មសិទ្ធិរបស់គណៈកម្មាធិការសុខភាពឥស្លាមមានទំនាក់ទំនងជាមួយក្រុមហេសបូឡា ដើម្បីដឹកជញ្ជូនយុទ្ធជន និងអាវុធ ជាការចោទប្រកាន់ដែលក្រុមនេះបានបដិសេធ។
យោងតាមអង្គការលើកលែងទោសនេះ បានឲ្យដឹងថា៖ «ការវាយប្រហារដោយខុសច្បាប់ម្តងហើយម្តងទៀតរបស់យោធាអ៊ីស្រាអែល ក្នុងអំឡុងពេលមានសង្រ្គាម នៅលីបង់ លើកន្លែងថែទាំសុខភាព រថយន្តសង្គ្រោះ និងបុគ្គលិកសុខាភិបាល ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ ត្រូវតែស៊ើបអង្កេតជាឧក្រិដ្ឋកម្មសង្គ្រាម»។
អង្គការនេះបានជំរុញឲ្យរដ្ឋាភិបាលលីបង់ផ្តល់ឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិនូវ «យុត្តាធិការ ដើម្បីស៊ើបអង្កេត និងកាត់ទោសបទឧក្រិដ្ឋ នៅក្នុងរង្វង់ច្បាប់របស់ទីក្រុងរ៉ូម ដែលត្រូវបានប្រព្រឹត្តនៅលើដែនដីលីបង់ និងធានាដល់សិទ្ធិរបស់ជនរងគ្រោះ ក្នុងការទទួលបានយុត្តិធម៌»។
យោធាអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន AFP ដើម្បីសុំការធ្វើអត្ថាធិប្បាយ ជុំវិញរបាយការណ៍របស់អង្គការលើកលែងទោសនេះ៕


