វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី៥ ខែមីនា) នេះ បាននិយាយថា កិច្ចពិភាក្សា នាពេលខាងមុខ រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នឹងរួមបញ្ចូលការជជែក អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាប្រធានបទដែលខ្លួនបាននិយាយថា ត្រូវបាន «លើកឡើងដោយខ្លីៗ» នៅក្នុងជុំដំបូងនៃកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីកាលពីខែមុន។
កាលពីថ្ងៃអង្គារ (ទី៤ ខែមីនា) ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានយល់ព្រមជួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការប្រាស្រ័យទាក់ទងជាមួយអ៊ីរ៉ង់ ជុំវិញបញ្ហាផ្សេងៗ ក្នុងនោះរួមទាំងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការគាំទ្ររបស់ប្រទេសនេះ សម្រាប់ក្រុមធ្វើសង្រ្គាមតំណាងដែលប្រឆាំងនឹងអាមេរិក នៅក្នុងតំបន់ផងដែរ។
វិមានក្រឹមឡាំង មិនបានបញ្ជាក់អះអាងពីសេចក្ដីរាយការណ៍នោះទេ ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា ពេលនេះ អ៊ីរ៉ង់គឺជាប្រធានបទមួយដែលនឹងត្រូវបានពិភាក្សាលម្អិតបន្ថែមទៀត ដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «រហូតមកដល់ពេលនេះ ត្រឹមតែមានការដឹងថា ជំហររបស់រុស្ស៊ី គឺពិតណាស់បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ គួរតែត្រូវបានដោះស្រាយទាំងស្រុង ដោយមធ្យោបាយនយោបាយ និងការទូត ប្រកបដោយសន្តិវិធី»។
លោកបានសង្កត់ធ្ងន់ថា៖ «យើងជឿថា មានលទ្ធភាព ក្នុងការដោះស្រាយបញ្ហានេះ ពីព្រោះអ៊ីរ៉ង់ជាសម្ព័ន្ធមិត្ត ជាដៃគូរបស់យើង និងជាប្រទេសមួយដែលយើងកំពុងលើកកម្ពស់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងគោរពគ្នាទៅវិញទៅមក ហើយរុស្ស៊ីបានត្រៀមរួចរាល់ហើយ ដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន សម្រាប់បញ្ហានេះ។ សហរដ្ឋអាមេរិកដឹងច្បាស់ពីរឿងនេះ»។
គួររំលឹកថា កាលពីខែមុន លោក Trump បានចាប់ផ្ដើមឡើងនូវយុទ្ធនាការ «ដាក់សម្ពាធអតិបរមា» របស់លោក លើប្រទេសអ៊ីរ៉ង់ ដែលរួមបញ្ចូលទាំងកិច្ចប្រឹងប្រែង ដើម្បីជំរុញឲ្យការនាំចេញប្រេងរបស់ប្រទេសនេះធ្លាក់ដល់កម្រិតសូន្យ ដើម្បីបញ្ឈប់ទីក្រុងតេអេរ៉ង់ កុំឲ្យទទួលបានអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់បដិសេធរាល់ការមានគោលបំណងបែបនេះ៕