ទីភ្នាក់ងារទេសចរណ៍ នៅថ្ងៃពុធ (ទី៥ ខែមីនា) នេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបញ្ឈប់ការធ្វើដំណើរអន្តរជាតិទៅកាន់ទីក្រុងមួយ នៅជិតព្រំដែនជាមួយប្រទេសចិន ដោយបានកែប្រែភ្លាមៗនូវការសម្រេច នាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបើកចំហព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់វិស័យទេសចរណ៍ បន្ទាប់ពីបិទរយៈពេល ៥ឆ្នាំ។
កូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួន កាលពីដើមឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្រោយមកបានពង្រឹងការការពារ នៅតាមព្រំដែនភាគខាងជើង ដើម្បីរារាំងប្រជាពលរដ្ឋរបស់ខ្លួនកុំឲ្យចូលប្រទេសវិញដោយខុសច្បាប់ពីប្រទេសចិន។
កាលពីខែកុម្ភៈ ប្រតិបត្តិករទេសចរណ៍លោកខាងលិចមួយចំនួន បានប្រាប់ថា ពួកគេបានបញ្ជូនអ្នកធ្វើដំណើរបរទេសមួយចំនួនតូចចូលទៅក្នុងទីក្រុង Rason ភាគឦសាន បន្ទាប់ពីទទួលបានការអនុញ្ញាតពីមន្ត្រីសម្របសម្រួលកូរ៉េខាងជើង។
ប៉ុន្តែក្រុមហ៊ុនមួយចំនួន បានឲ្យដឹងនៅថ្ងៃទី៥ ខែមីនានេះថា ការធ្វើដំណើរទាំងនោះ ត្រូវបានផ្អាកដោយហេតុផលមិនច្បាស់លាស់។
នៅក្នុងសេចក្តីជូនដំណឹងមួយ លើគេហទំព័ររបស់ខ្លួន ទីភ្នាក់ងារទេសចរណ៍ Young Pioneer Tours បានឲ្យដឹងថា៖ «យើងត្រូវបានណែនាំដោយដៃគូរបស់យើងថា ការធ្វើដំណើរទៅកាន់ទីក្រុង Rason នាពេលនេះ ត្រូវបានផ្អាក»៕