តុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូង ដែលបានបញ្ចប់សវនាការលើការកាត់ទោសទម្លាក់តំណែង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ចំពោះប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានព្យួរតួនាទី ទំនងជានឹងប្រកាសសាលក្រមរបស់ខ្លួនយ៉ាងឆាប់ នៅសប្តាហ៍ក្រោយ។
យោងតាមសេចក្ដីរាយការណ៍នានា បានឲ្យដឹងថា តុលាការគ្រោងនឹងចាប់ផ្ដើមឡើងវិញនូវការពិភាក្សាសម្រេចរបស់តុលាការ ជុំវិញសំណុំរឿងចោទប្រកាន់ទម្លាក់តំណែងរបស់លោក Yoon នៅថ្ងៃទី៥ និងទី៧ ខែមីនានេះ។
ការរំពឹងទុក កំពុងកើនឡើង ដែលថា សេចក្តីសម្រេចរបស់តុលាការលើសំណុំរឿងរបស់លោក Yoon ក៏អាចត្រូវបានប្រកាសនៅថ្ងៃសុក្រផងដែរ ខណៈដែលសេចក្តីសម្រេចលើការចោទប្រកាន់ទម្លាក់តំណែង ចំពោះប្រធានាធិបតីមុនចំនួន ២រូប គឺអតីតប្រធានាធិបតីលោក Roh Moo-hyun ក្នុងឆ្នាំ២០០៤ និងអតីតប្រធានាធិបតី លោកស្រី Park Geun-hye ក្នុងឆ្នាំ២០១៧ ត្រូវបានប្រកាសនៅថ្ងៃសុក្រ។
ប្រសិនបើមានករណីនោះ វាទំនងជាសាលក្រម នឹងត្រូវបានប្រកាសនៅថ្ងៃទី១៤ ខែមីនា ដោយយោងតាមពិភាក្សាសម្រេចដែលត្រូវបានគ្រោងធ្វើក្នុងសប្តាហ៍នេះ។
នេះជាហេតុផលមួយទៀតដែលត្រូវបានរំពឹងថា សេចក្តីសម្រេចនេះនឹងត្រូវចេញនៅសប្តាហ៍ទី២ នៃខែមីនា បន្ទាប់ពីមានការកំណត់ពេលវេលានៃការជំនុំជម្រះការចោទប្រកាន់ទម្លាក់តំណែងកន្លងមក ខណៈដែលទឡ្ហីករណ៍ នៅក្នុងសំណុំរឿងរបស់លោក Yoon បានបញ្ចប់កាលពីថ្ងៃទី២៥ ខែកុម្ភៈ។
តែយ៉ាងណាក្ដី តុលាការបានឲ្យដឹងជាផ្លូវការថា ខ្លួនមិនទាន់សម្រេចកាលបរិច្ឆេទជាក់លាក់ សម្រាប់ការប្រកាសសាលក្រមនៅឡើយទេ៕