ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ ៥ មីនាសប្ដាហ៍នេះ ថាមានសកម្មភាពវិជ្ជមានមួយក្នុងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដែលអាចនាំឱ្យមានកិច្ចប្រជុំមួយទៀតរវាងភាគីទាំងពីរក្នុងពេលឆាប់ៗនេះ។

ទីក្រុង Kyiv មានបំណងចង់ជួសជុលទំនាក់ទំនងជាមួយអ្នកគាំទ្រខាងយោធាដ៏ធំបំផុតរបស់ខ្លួនប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី បន្ទាប់ពីលោក Zelenskyy បានប៉ះទង្គិចពាក្យសម្ដីជាសាធារណៈជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅសេតវិមានកាលពីសប្តាហ៍មុន អំពីរបៀបបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោកដោយសំដៅទៅលើប្រធានបុគ្គលិករបស់លោក និងទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកថា "ថ្ងៃនេះក្រុមការងារអ៊ុយក្រែនដឹកនាំដោយលោក Andriy Yermak និងសហរដ្ឋអាមេរិកដឹកនាំដោយលោក Mike Waltz បានចាប់ផ្តើមធ្វើការលើកិច្ចប្រជុំមួយ។
លោកថា មានចំណុចវិជ្ជមាន។ យើងសង្ឃឹមសម្រាប់លទ្ធផលដំបូងនៅសប្តាហ៍ក្រោយ។

លោក Yermak បាននិយាយនៅលើបណ្ដាញសង្គម X ថារូបលោកបាន "ផ្លាស់ប្តូរទស្សនៈលើបញ្ហាសន្តិសុខ និងជំហរ" ជាមួយលោក Waltz ហើយថាមន្ត្រីទាំងពីរបានកំណត់ពេលកិច្ចប្រជុំរបស់មន្ត្រីអ៊ុយក្រែននិងសហរដ្ឋអាមេរិក "នាពេលអនាគតដ៏ខ្លីដើម្បីបន្តការងារដ៏សំខាន់នេះ" ។
សេចក្តីថ្លែងការណ៍ទាំងពីរបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីនាយក CIA លោក John Ratcliffe បាននិយាយថា សហរដ្ឋអាមេរិកបានផ្អាកការចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែន ក្រោយការបង្កកជំនួយយោធាទាំងអស់៕