ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិកថា ខ្លួនត្រៀមជាស្រេចដើម្បីប្រយុទ្ធប្រឆាំងនឹង "ប្រភេទណាមួយ"នៃសង្គ្រាម ក្រោយបានវាយបកវិញប្រឆាំងការដំឡើងពន្ធពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump ។

មហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក បានខិតកាន់តែកៀកទៅនឹងសង្រ្គាមពាណិជ្ជកម្ម បន្ទាប់ពីលោក Trump បានដំឡើងពន្ធបន្ថែមលើទំនិញទាំងអស់របស់ចិន។ ចិនបានសងសឹកយ៉ាងឆាប់រហ័សដោយដំឡើងពន្ធ ១០ទៅ១៥% លើផលិតផលកសិកម្មរបស់អាមេរិក។

ស្ថានទូតចិនបាននិយាយនៅលើបណ្ដាញសង្គម X ដោយបានបង្ហោះសារឡើងវិញពីសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា "ប្រសិនបើសង្រ្គាមគឺជាអ្វីដែលសហរដ្ឋអាមេរិកចង់បាន មិនថាជាសង្គ្រាមពន្ធ សង្រ្គាមពាណិជ្ជកម្ម ឬសង្រ្គាមប្រភេទផ្សេងទៀតទេ យើងត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធរហូតដល់ទីបញ្ចប់"។
នេះគឺជាវោហារសាស្ត្រដ៏ខ្លាំងបំផុតមួយចំនួនមកទល់ពេលនេះពីប្រទេសចិន ចាប់តាំងពីលោក Trump ឡើងកាន់តំណែងជាប្រធានាធិបតី និង កើតឡើង ខណៈក្រុមមេដឹកនាំចិន បានប្រមូលផ្តុំគ្នាក្នុងទីក្រុងប៉េកាំងសម្រាប់សមាជជាតិប្រចាំឆ្នាំ។

កាលពីថ្ងៃពុធសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានប្រកាសថា ប្រទេសចិននឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនជាថ្មីទៀតចំនួន ៧,២% នៅឆ្នាំនេះ ហើយបានព្រមានថា "ការផ្លាស់ប្តូរដែលមិនអាចមើលឃើញក្នុងរយៈពេលមួយសតវត្សកំពុងកើតឡើងនៅទូទាំងពិភពលោកក្នុងល្បឿនលឿនជាងមុន ។ ការកើនឡើងនេះត្រូវបានរំពឹងទុក ហើយត្រូវគ្នានឹងតួលេខ ដែលបានប្រកាសកាលពីឆ្នាំមុន។
ក្រុមមេដឹកនាំក្នុងទីក្រុងប៉េកាំងកំពុងព្យាយាមផ្ញើសារទៅកាន់ប្រជាជននៅក្នុងប្រទេសចិនថាខ្លួនមានទំនុកចិត្តថាសេដ្ឋកិច្ចរបស់ប្រទេសនេះអាចរីកចម្រើន ទោះបីជាមានការគំរាមកំហែងនៃសង្គ្រាមពាណិជ្ជកម្មក៏ដោយ៕