យោងតាមឯកសារផ្ទៃក្នុងដែលបានមើលឃើញដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រសួងកិច្ចការអតីតយុទ្ធជន មានផែនការកាត់បន្ថយបុគ្គលិកជាង៨០.០០០នាក់ពីស្ថាប័ននេះ ដោយបានធ្វើឲ្យមានការថ្កោលទោសពីក្រុមអតីតយុទ្ធជនយោធា និងសមាជិកគណបក្សប្រជាធិបតេយ្យ។

ប្រធានបុគ្គលិករបស់ក្រសួងកិច្ចការអតីតយុទ្ធជន លោក Christopher Syrek បានផ្ញើអនុស្សរណៈមួយទៅកាន់មន្ត្រីទីភ្នាក់ងារជាន់ខ្ពស់កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ដោយប្រាប់ពួកគេថា គោលដៅគឺដើម្បីត្រឡប់ស្ថាប័ននេះទៅរកកម្រិតបុគ្គលិកឆ្នាំ២០១៩ ដែលមានត្រឹមតែក្រោម៤០០.០០០នាក់។ នោះមានន័យថានឹងកាត់បន្ថយបុគ្គលិកប្រហែល៨២.០០០នាក់។

អនុស្សរណៈនេះ បានណែនាំទីភ្នាក់ងារឱ្យធ្វើការជាមួយក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់មហាសេដ្ឋី លោក Elon Musk ក្នុងការកាត់បន្ថយបុគ្គលិក។ គោលដៅចំនួនពីរគឺ «បំបាត់ការខ្ជះខ្ជាយ» និង «បង្កើនប្រសិទ្ធភាពកម្លាំងការងារ» ។
ទំហំនៃការកាត់រំសាយបុគ្គលិកតាមផែនការនៅក្រសួងកិច្ចការអតីតយុទ្ធជន គឺច្រើនជាងឆ្ងាយក្នុងការកាត់បន្ថយបុគ្គលិកដែលបានស្នើឡើងនៅតាមទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗទៀត ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ក្រសួងដែលយកចិត្តទុកដាក់ក្រុមមួយក្នុងចំណោមក្រុមជាទីស្រឡាញ់បំផុតនៅសហរដ្ឋអាមេរិក គឺក្រុមអតីតយុទ្ធជនយោធា។