គម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន នឹងក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើវិស័យកសិកម្ម, ការច្នៃផលិតផលកសិកម្ម ហើយនឹង អាចក្លាយជាអាជីវកម្មក្នុងវិស័យកសិកម្មបែបទំនើប។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២៥ ម្សិលមិញនេះ បានស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា របស់គណៈប្រតិភូនៃ គណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគណៈប្រតិភូវិនិយោគិន នៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ ក្រុមហ៊ុន ដឹកនាំដោយលោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាល ប្រជាជនក្រុងកឹងចូវ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំ កម្ពុជា និងលោកស្រីអភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានចំណាយពេល វេលាមកបំពេញទស្សកិច្ចស្វែងយល់ដោយផ្ទាល់អំពីបរិយាកាស វិនិយោគនៅកម្ពុជា ក្នុងនោះឯកឧត្តម បានជម្រាបជូនអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តវិនិយោគ និងជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូវិនិយោគិនគួរតែសិក្សា ពិនិត្យលទ្ធភាពរួមមាន៖ រោងចក្រឧស្សាហកម្ម, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ថាមពលបៃតង, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យអប់រំបណ្តុះ បណ្តាល, វិស័យសុខាភិបាល, បច្ចេកវិទ្យាឌីជីថល, សហគ្រាស អាជីវកម្ម ខ្នាតតូច និងមធ្យម (SMEs) និងសេវាកម្មផ្សេងៗ។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនង កម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើនកាន់តែរឹង មាំឥតឈប់ឈរ ក្នុងនោះកម្ពុជាគឺពិតជាគោលដៅវិនិយោគមួយដ៏ប្រពៃ បើធៀបនឹងគោលដៅដទៃនៅក្នុងតំបន់។

ជាការឆ្លើយតប លោកស្រី Li Fengzhi អភិបាលរងនៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ បានជម្រាបដោយ សង្ខេបអំពី ទីតាំងភូមិសាស្រ្តនៃក្រុងកឹងចូវ ព្រមទាំងសក្តានុពលនានា ដែលជាភាពលេចធ្លោទាក់ទាញរបស់ទីក្រុង។ លោកស្រីក៏ បានរំលេចជាពិសេសអំពីគម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើការកែច្នៃ ផលិតផលកសិកម្មនៅកម្ពុជារបស់រដ្ឋបាលខេត្តហ៊ឺណាន ដែលរំពឹងថា នឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើ ផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗ ដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មបែបទំនើប។

សូមបញ្ជាក់ថា នៅក្នុងជំនួបនេះ បណ្តាក្រុមហ៊ុនមួយចំនួន បានធ្វើបទបង្ហាញអំពីខ្សែច្រវ៉ាក់ផលិតកម្ម, បច្ចេកទេស, បច្ចេកវិទ្យា និងផលិតផលរបស់ខ្លួន ជូនដល់អង្គពិធីទាំងមូល ដើម្បីជាមូលដ្ឋានក្នុងការឈានទៅរកការចាប់ដៃសហការផ្គូផ្គង ធុរកិច្ចជាមួយគ្នា នាពេលអនាគត៕ អត្ថបទ៖ សុន រ៉ាឌី



