មន្ត្រីពន្លត់អគ្គិភ័យម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្ស 8នាក់បានរងរបួសនៅថ្ងៃព្រហស្បតិ៍ (០៦ មីនា) នេះ បន្ទាប់ពីគ្រាប់ផ្លោងមួយគ្រាប់ត្រូវបានទម្លាក់លើសង្កាត់ជនស៊ីវិល ធ្វើឱ្យខូចខាតផ្ទះសម្បែង និងព្រះវិហារ អំឡុងពេលសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅទីក្រុង ផូឆុន (Pocheon) ប្រទេសកូរ៉េខាងត្បូង។

មន្ត្រីម្នាក់នៅសេវាពន្លត់អគ្គិភ័យតំបន់ ក្យុងហ្គីដូ បាកប៊ូ (Gyeonggi-do Bukbu) បាននិយាយថា ក្នុងចំណោមមនុស្ស ៨នាក់ដែលបានរងរបួសនោះ មាន ៤នាក់របួសធ្ងន់ធ្ងរ។ ទីក្រុង Pocheon មានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងសេអ៊ូល និងនៅជិតព្រំដែនជាមួយកូរ៉េខាងជើង។

មន្ត្រីពន្លត់អគ្គិភ័យសង្ស័យថា គ្រាប់ផ្លោងដែលបានទម្លាក់នៅក្នុងទីក្រុងនេះ គឺមកពីការធ្វើសមយុទ្ធយោធារួមគ្នាដែលធ្វើឡើងដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ មន្ត្រីមិនទាន់មានព័ត៌មានលម្អិតបន្ថែមពីប្រភេទគ្រាប់ផ្លោងនោះទេ ប៉ុន្តែបាននិយាយថា អាជ្ញាធរសង្ស័យថា យន្តហោះចម្បាំងប្រហែលជាបានបាញ់ខុសពេលការហ្វឹកហ្វឺនយោធានោះ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង មិនទាន់អាចសុំការអត្ថាធិប្បាយភ្លាមៗទេ។ ក្រសួងនេះបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា កងកម្លាំងកូរ៉េខាងត្បូង និងអាមេរិក កំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាលើកដំបូងរបស់ពួកគេនៅទីក្រុង Pocheon ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងសមយុទ្ធយោធាប្រចាំឆ្នាំ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ៕