ឆ្នេរខាងកើតនៃប្រទេសអូស្ត្រាលី នាថ្ងៃព្រហស្បតិ៍ (០៦ មីនា) នេះ នៅតែបន្តប្រឈមមុខនឹងហានិភ័យដ៏គ្រោះថ្នាក់ពីព្យុះស៊ីក្លូន Alfred ទោះជាព្យុះនេះពន្យាពេលការបោកបក់ដល់ដីក៏ដោយ ខណៈក្រុមមន្ត្រីបានបិទអាកាសយានដ្ឋាន សាលារៀន និងការដឹកជញ្ជូនសាធារណៈ ហើយអ្នកស្រុកបានស្តុកទុកគ្រឿងផ្គត់ផ្គង់ និងដីខ្សាច់ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងទឹកជំនន់ដែលរំពឹងទុក នៅពេលព្យុះប្រភេទទី២ នេះវាយប្រហារ។

ការិយាល័យឧតុនិយម បាននិយាយនៅក្នុងបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ខ្លួនថា ព្យុះ Alfred ត្រូវបានគេរំពឹងថានឹងបោកបក់ដល់ដីនៅល្ងាចថ្ងៃសុក្រ ០៧ មីនា ស្អែកនេះ នៅជិតទីក្រុង Brisbane ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេទីបីរបស់អូស្ត្រាលី។

ប៉ុន្តែទំហំនៃការបំផ្លិចបំផ្លាញរបស់ព្យុះ នឹងលាតសន្ធឹងឆ្ងាយឆ្លងកាត់តំបន់ព្រំដែននៃរដ្ឋ Queensland និង New South Wales ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ដ៏ធំ និងខ្យល់កន្រ្តាក់។

ការព្រមានពីព្យុះនេះនៅថ្ងៃព្រហស្បតិ៍ បានលាតសន្ធឹងជាង ៥០០គីឡូម៉ែត្រ ឆ្លងកាត់ឆ្នេរភាគឦសាន ខណៈសមុទ្រដ៏ធំល្វឹងល្វើយបានរង្គោះរង្គើដោយព្យុះស៊ីក្លូននេះ ហើយមន្ត្រីបានជំរុញឱ្យប្រជាជននៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់ ឱ្យជម្លៀសចេញឆាប់ៗ៕