រដ្ឋបាលលោក Trump និងអ៊ីស្រាអែល បានច្រានចោលផែនការដែលទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់ការកសាងតំបន់ហ្កាហ្សាឡើងវិញដែលគាំទ្រដោយក្រុមមេដឹកនាំអារ៉ាប់ ដោយនិយាយថាប្រធានាធិបតីរបស់ខ្លួនឈរលើចក្ខុវិស័យផ្ទាល់ខ្លួនរបស់លោកដែលរួមមានការបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីនេះនិងអភិវឌ្ឍទៅជាតំបន់លំហែរកាយឆ្នេរសមុទ្រដ៏ស៊ីវីល័យនៅមជ្ឈិមបូព៌ា ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក Brian Hughes បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអង្គារថា "សំណើបច្ចុប្បន្នមិននិយាយអំពីការពិតដែលថាតំបន់ហ្កាហ្សាបច្ចុប្បន្នគ្មានមនុស្សរស់ ហើយអ្នកស្រុកមិនអាចរស់នៅលើទឹកដីដែលគ្របដណ្តប់ដោយកំទេចកំទី និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនោះទេ។

លោកប្រធានាធិបតី Trump ឈរលើចក្ខុវិស័យរបស់លោកក្នុងការកសាងដែនដីហ្កាហ្កា ឡើងវិញ ពីដៃក្រុមហាម៉ាស។ យើងទន្ទឹងរង់ចាំកិច្ចពិភាក្សាបន្ថែមទៀត ដើម្បីនាំមកនូវសន្តិភាព និងវិបុលភាពដល់តំបន់នេះ។
ផែនការក្រោយសង្គ្រាមសម្រាប់តំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានស្នើឡើងដោយអេហ្ស៊ីប និងអំពាវនាវឱ្យក្រុមហាម៉ាសប្រគល់អំណាចទៅឱ្យរដ្ឋបាលបណ្តោះអាសន្ន រហូតដល់អាជ្ញាធរប៉ាឡេស្ទីនដែលត្រូវបានកែទម្រង់ (PA) អាចគ្រប់គ្រងបាននោះ នឹងអនុញ្ញាតឱ្យជនជាតិប៉ាឡេស្ទីនប្រហែល២លាននាក់រស់នៅក្នុងទឹកដីដដែល ផ្ទុយទៅនឹងសំណើរបស់លោក Trump ។

ថ្លែងនៅទីក្រុងគែរ(Cairo)ប្រទេសអេហ្ស៊ីប ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បានសន្យាថា ការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងនៅតំបន់ West Bank ហ្កាហ្សា និងទីក្រុងហ្សេរុយសាឡឹមខាងកើត ជាលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍ ប្រសិនបើកាលៈទេសៈសមស្រប។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅតែបដិសេធមិននិយាយអ្វីដែលលោកស្រមៃសម្រាប់អនាគតក្រោយសង្គ្រាមរបស់ហ្កាហ្សា លើកលែងតែនិយាយថាលោកគាំទ្រតែផែនការរបស់លោក Trump ប៉ុណ្ណោះ សម្រាប់តំបន់ហ្កាហ្សា។ ហើយលោកគិតថាអាជ្ញាធរប៉ាឡេស្ទីន និងក្រុមហាម៉ាស មិនគួរគ្រប់គ្រងតំបន់ហ្កាហ្សាទេ៕