អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev នៅព្រឹកថ្ងៃព្រហស្បតិ៍ (០៦ មីនា) នេះ បានចំអកដល់ការព្រមានរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ដែលថារុស្ស៊ី បង្កការគំរាមកំហែង ដោយនិយាយថា មេដឹកនាំបារាំងរូបនេះពុំមែនជាការគំរាមកំហែងទាល់តែសោះ ហើយនឹងមិនត្រូវបានគេនឹករលឹកឡើយ នៅពេលលោកចាកចេញពីក្រសែភ្នែកសាធារណៈជន។

លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានសរសេរជាភាសាអង់គ្លេសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ X ថា "រុស្ស៊ី បានក្លាយទៅជាការគំរាមកំហែងដល់បារាំង និងអឺរ៉ុប។ ចំណែក ប្រធានាធិបតីបារាំង លោក Macron មិនបង្កការគំរាមកំហែងអ្វីធំដុំសោះ ដោយលោកនឹងបាត់ខ្លួនជារៀងរហូតមិនយូរជាងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៧ នោះទេ ហើយលោកនឹងមិនត្រូវបានគេនឹករលឹកឡើយ"។

គួរបញ្ជាក់ថា លោក Macron ដែលអាណត្តិប្រធានាធិបតីបារាំងរយៈពេល ៥ឆ្នាំរបស់ខ្លួនបន្តរហូតដល់ខែឧសភា ឆ្នាំ២០២៧ បានព្រមានថា "រុស្ស៊ី បានក្លាយជាការគំរាមកំហែងសម្រាប់បារាំង និងអឺរ៉ុប" ដោយបន្ថែមថា "ការមិនធ្វើអ្វីសោះលើរឿងនេះនឹងក្លាយជាជំហានដ៏ឆ្កួតលីលាបំផុត"។

លោក Medvedev ធ្លាប់ត្រូវបានគេមើលឃើញថាជាអ្នកសេរីនិយមក្នុងអំឡុងអាណត្តិរបស់លោកជាប្រធានាធិបតីរុស្ស៊ី ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ប៉ុន្តែចាប់តាំងពីនោះមក លោកបានក្លាយជាអ្នកប្រកាន់ជំហរតឹងលើនយោបាយការបរទេសរបស់រុស្ស៊ី៕